ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា ដើម្បីយុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងការអនុវត្តច្បាប់។
មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលចរាចរលក់នៅលើទីផ្សារ ឃ្លាំងស្ដុក និងម៉ាតផ្សេងៗដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញ។ ទំនិញដែលមិនមានអនុលោមភាពនឹងធ្វេីឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគក្នុងក្រុមគ្រួសារ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបាននូវអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៧៥លីត្រដេីម្បីយកមកកម្ទេចចោល ព្រមទាំងបានធ្វេីការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។
ប្រភពដដែលបន្តថា មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សាខាខេត្តកំពង់ធំ និងសាខាខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ២១ទីតាំងបន្ថែមទៀតនាថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២២។ គោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ចរបស់ម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលធ្វេីឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងដេីម្បីទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។
ក្រោយប្រតិបត្តិការចប់ដោយយោងទៅលេីលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងមិនមានអនុលោមភាព ព្រមទាំងបានធ្វេីការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕
ដោយ៖សហការី