ព័ត៌មានទាន់ហេតុការណ៍៖

WHO ពិភាក្សាពីពេលវេលា ប្រកាសបញ្ចប់កូវីដ-១៩

ចែករំលែក៖

ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានប្រកាសថាកំពុងតែពិភាក្សាស្តីពីពេលវេលាប្រកាសបញ្ចប់កូវីដ-១៩ ជាសកល។

WHO បានប្រកាសថា «គណៈកម្មការទទួលបន្ទុកកិច្ចការបន្ទាន់កំពុងតែត្រួតពិនិត្យទៅលើស្ថានភាពសុខភាពសាធារណៈ ដើម្បីឈានដល់ការប្រកាសបញ្ចប់កូវីដ-១៩ ជាសកល»។

បច្ចុប្បន្នមានប្រទេសជាច្រើននៅជុំវិញពិភពលោកបានកាត់បន្ថយការរឹតត្បិតប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយអនុញ្ញាតឱ្យពលរដ្ឋរស់នៅធម្មតាដូចមុនពេលកើតកូវីដ-១៩ ។ ប៉ុន្តែនៅមានប្រទេសមួយចំនួននៅតំបន់អាស៊ីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ តាមការប្រកាសរបស់WHO នៅក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង១០ លាននាក់ និងស្លាប់ជាង៥២ពាន់នាក់ ។

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា បើទោះបីកូវីដ-១៩ មិនរាលដាលខ្លាំងដូចពេលមុនក្តី ប៉ុន្តែជំងឺនេះអាចបង្កឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដូចជាជំងឺគ្រុនចាញ់ និងរបេងជាដើម។ វីរុសបំប្លែងថ្មីដែលមានគ្រោះថ្នាក់នៅតែបន្តកើតឡើងនៅលើពិភពលោក។ ទាំងនោះហើយបានជាអង្គការសុខភាពពិភពលោក មិនទាន់ប្រកាសបញ្ចប់កូវីដ-១៩ ដូចដែលបានប្រកាសអាសន្នជា
សកល។ ការសម្រេចចុងក្រោយនឹងប្រកាសដោយអគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus ក្រោយប្រឹក្សាជាមួយក្រុមអ្នកជំនាញរួច៕ ដោយ៖ ធីរីណា

រូបថត៖Reuters


ចែករំលែក៖