ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះយានយន្តល្មើសច្បាប់សរុបចំនួន ៦៧៧គ្រឿងទៀតហេីយ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះមានម៉ូតូ ៥០៨គ្រឿង និងរថយន្ត ១៦៩គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ កម្លាំងជំនាញរបស់នគរបាលចរាចរណ៍ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តល្មេីសច្បាប់សរុបចំនួន ៤៦,២៣០គ្រឿង ក្នុងនោះមានម៉ូតូ ៣៥,១៦៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១១,០៦៤គ្រឿង ,នេះបេីគិតថ្ងៃទី១២ ខែមីនា ក្នុងឆ្នាំ២០២២។
គួរជម្រាបថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូនោះ គឺភាគច្រើនអត់មួក, និយាយទូរស័ព្ទ ,ស្លាកលេខ ,លើសចំណុះ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា ,អត់ប័ណ្ណបើកបរ ,អត់ស្លាកលេខ ,លើសចំណុះ ,ខ្សែក្រវ៉ាត់ ,និយាយទូរស័ព្ទ និងឆៀកដើម។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានថ្លែងបន្តថា៖ ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
ដោយឡែក ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះដែរ បានកើតឡើងចំនួន ១១លើក ក្នុងនោះស្លាប់ចំនួន ០៤នាក់ របួស ១១នាក់ (របួសធ្ងន់ ០៩នាក់)។
គួរបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៩២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣៩២នាក់ របួស ៩២១នាក់ (របួសធ្ងន់ ៦១៦នាក់) គិតត្រឹមរយៈពេល៧១ថ្ងៃមកនេះ៕
ដោយ៖សហការី