ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការបទេសនិងស្នងការខេត្តព្រះសីហនុបដិសេធការចោទពីស្រ្ដីជនជាតិថៃ ថាខ្លួនប្រឈមជារងគ្រោះនៃការជួញដូរសរីរាង្គនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដូចជាស្នងការនគរបាលខេត្តព្រះសីហនុបានបដិសេធដាច់ខាតចំពោះព័ត៌មានដែលស្ត្រីជនជាតិថៃមួយរូបចោទថា ខ្លួនប្រឈមនឹងការជួញដូរសរីរាង្គនៅក្នុងប្រទេសកម្ពុជា។ វាអាចជាចេតនាអាក្រក់ក្នុងការរាំងខ្ទប់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលព័ត៌មានបែបនេះធ្លាប់បានកើតមានម្ដងរួចមកហើយកាលពីសប្តាហ៍មុន។

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានធ្វេីការបដិសេធថា​ មិនមានករណីបូមយកឈាម​ និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ​ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ ហេីយនេះ​ គឺជាព័ត៌មានប្រឌិតធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។ 

​ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣​ ខែមីនានេះថា​ ” មិនមានករណីវះឬបូម ឈាមទេ​ !​ ពេលនេះទើបដឹងថា​ បុគ្កលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា​ ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។

 ពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២  អំពីករណីមានស្រ្តីជន ជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា លោក ជុំ សន្ទរី មន្រ្ដីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានធ្វើការបំភ្លឺចំនួនពីរចំណុច នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ។

សេចក្ដីបំភ្លឺទាំងពីរចំណុចរបស់មន្រ្ដីនាំពាក្យរួមមាន ៖

១. អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ ។

២. ទន្ទឹមនឹងនេះ  ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមីនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ ។ ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត។

ការប្រឌិតព័ត៌មាននេះក្នុងចេតនាអាក្រក់មកលើព្រះរាជាណាចក្រកម្ពុជាជាពិសេសធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងមុខមាត់របស់កម្ពុជាផ្ទាល់តែម្ដង។

គេនៅចាំបានថាកាលពីសប្ដាហ៍មុននេះដែរព័ត៌មានបែបនេះត្រូវបានកើតឡើងរួចម្ដងមកហើយដោយជនជាតិចិន។ សមត្ថកិច្ចគួរស៊ើបអង្កេតក៏បានដល់ឬសគល់នៃប្រភពព័ត៌មានទាំងនេះពីព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈរបស់កម្ពុជាយើង៕

ដោយ៖ សូរិយា


ចែករំលែក៖