ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសឱ្យដឹងថា បណ្តាប្រទេសលោកខាងលិចកំពុងតែជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែរាល់ជំនួយទាំងអស់នោះមិនមែនឱ្យទទេ (Free)នោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា «ទឹកប្រាក់ដែលបានផ្តល់ជូនពីអឺរ៉ុបឬប្រទេសផ្សេងទៀតសម្រាប់សកម្មភាពមនុស្សធម៌ឬអាវុធ ពេលខ្លះយើងទទួលអាវុធដោយផ្ទាល់ ប៉ុន្តែអ្នកត្រូវតែដឹងថាអ្វីគ្រប់យ៉ាងទាំងអស់នោះគឺមានតម្លៃរបស់វា គ្មានអ្វីដែលគេឱ្យ free នោះឡើយ»។
តាមការវាយតម្លៃជាបឋម ពេលនេះអ៊ុយក្រែនបានខាតបង់ប្រាក់ជាង ១០០ពាន់លានដុល្លារហើយដោយសារសង្គ្រាមវាយប្រហារពីរុស្ស៊ីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្រោយបញ្ចប់សង្គ្រាមទឹកដីអ៊ុយក្រែនរងការបំផ្លាញខ្ទេចខ្ទី។ មិនតែប៉ុណ្ណោះ អ៊ុយក្រែន ក៏បានជំពាក់បំណុលកាន់តែច្រើន ដោយការជំនួយអាវុធ។ ទាំងនោះហើយបានជាអាមេរិក និងប្រទេសលោកខាងលិចបានជំរុញឱ្យអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី កាន់តែយូរអ៊ុយក្រែនជំពាក់បំណុលកាន់តែច្រើន ហើយក្រុមហ៊ុនផលិតអាវុធរបស់អាមេរិករកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារ។
សហគមន៍អឺរ៉ុបបានបង្ហាញការគាំទ្រ និងសាមគ្គីភាពជាមួយ ពលរដ្ឋនិងប្រទេសអ៊ុយក្រែន ប៉ុន្តែអ៊ឺរ៉ុបមិនទាន់អាចឱ្យអ៊ុយក្រែនចូលជាសមាជិកនៅពេលនេះឡើយ បើទោះបីប្រធានាធិបតីអ៊ុយក្រែន បានដាក់លិខិតស្នើសុំចូលជាសមាជីកជាបន្ទាន់ក្តី៕
ដោយ៖ធីរីណា(រូបថត៖Tass)