ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដណ្តើមបានជ័យជម្នះដ៏សំខាន់មួយពីក្រុមភ្ញៀវ Newcastle ក្នុងការប្រកួតដំបូងនៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងលទ្ធផល១ទល់០ ចាប់តាំងពីម្ចាស់ក្លិបតោខៀវសញ្ជាតិរុស្ស៊ីលោក Roman Abramovich ត្រូវបានពិន័យដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។
ការប្រកួតនេះហាក់កំពុងឈានទៅលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ មុនពេលខ្សែប្រយុទ្ធ Kai Havertz បានរកគ្រាប់បាល់១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៨៩ជិតចប់ការប្រកួតទៅហើយ និងជាគ្រាប់បាល់ដ៏លំបាកមួយក្នុងការដណ្តើមជ័យជម្នះពីក្រុម Newcastle។
មុនពេលរកគ្រាប់បាល់បានក្រុមទាំង២បានព្យាយាមបង្កើតឱកាសយ៉ាងច្រើនដោយក្រុម Chelsea ប្រើពេល៧៥នាទីដើម្បីបង្កើតការខិតខំប្រឹងប្រែងដើម្បីស៊ុតចំគោលដៅ។ ចំណែកកីឡាករ Miguel Almironរបស់ Newcastle បានស៊ុតចំគោលដៅ១គ្រាប់ដែរប៉ុន្តែត្រូវបានអ្នកចាំទី Edouard Mendy សង្គ្រោះបាន ពីការស៊ុតពីចម្ងាយ។
ដូចដែលបានកើតឡើងក្នុងការទទួលជ័យជម្នះក្រៅដី ៣-១ របស់ក្រុមChelsea លើក្រុម Norwich កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកគាំទ្រមួយភាគតូចបានស្រែកហៅឈ្មោះលោក Abramovich ដែលជាប្រធានក្លិបក្នុងរយៈពេលខ្លីក្នុងតង់ទី២។
លោក Abramovich ត្រូវបានគេដាក់ទណ្ឌកម្មជាផ្នែកនៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការលុកលុយរបស់រុស្ស៊ីមកកាន់អ៊ុយក្រែន ដែលមានន័យថា ទ្រព្យសម្បត្តិរបស់គាត់រួមទាំងក្លិបបាល់ទាត់ Chelsea ត្រូវបានបង្កក។
ជ័យជម្នះរបស់ក្រុមតោខៀវ Chelsea នេះបានបន្តឲ្យក្រុមខ្លាំងមួយនេះឈរចំណាត់ថ្នាក់លេខ៣ដដែលដោយមាន៥៩ពិន្ទុ ចាញ់ក្រុមកំពូលតារាង Man City រហូតដល់១០ពិន្ទុ។
ចំណែកក្រុមកាំភ្លើងធំ Arsenal បានបន្តជ័យជម្នះរបស់ខ្លួនដើម្បីឈរក្នុងចំណាត់ថ្នាក់លេខ៤ មានកៅអីក្របខ័ណ្ឌ Champions League បន្ទាប់ពីពួកគេបានប្រកួតក្នុងក្របខ័ណ្ឌ Premier League ឈ្នះលើក្រុមLeicester ក្នុងលទ្ធផល២ទល់០។
គ្រាប់បាល់របស់កីឡាករ Thomas Partey និង Alexandre Lacazetteនៅកីឡដ្ឋាន Emirates បានជួយឲ្យក្រុម Arsenal ទទួលបានជ័យជម្នះជាលើកទី៥ជាប់គ្នា។ ២គ្រាប់របស់កីឡាករខាងលើបានលើកពួកគេត្រឡប់ទៅចំណាត់ថ្នាក់ទី៤ ដែលមានមួយពិន្ទុពីលើក្រុម Manchester United ដែលបានផ្តួលគូប្រជែង Tottenham កាលពីថ្ងៃសៅរ៍។
Arsenal មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់យុទ្ធនាការ Champions League ជាប់ៗគ្នាចំនួន១៩ពីរដូវកាល១៩៩៨-១៩៩៩ ហើយលោក Artetaជឿជាក់ថា ក្រុមរបស់លោកនៅតែមានសង្ឃឹមច្រើនក្នុងការប្រកួតនៅលីគកំពូលនៅអឺរ៉ុប។លោកបាននិយាយថា “យើងត្រូវតែនៅទីនោះ យើងគួរតែនៅទីនោះ។ ប្រវត្តិសាស្រ្តរបស់យើងមានកាតព្វកិច្ចនៅទីនោះ ប៉ុន្តែយើងមិនទាន់បានទៅដល់ ហើយនៅតែមានការប្រកួតជាច្រើនដែលត្រូវលេង” ៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)