ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

..(តពីលេខមុន)

  បន្ទាប់មកទៀតព្រះមហាក្សត្រិយានី យាងចាក់ទឹកដូងតែមួយព្រះអង្គឯង រួចទើបក្រុមក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺនសព្វមុខមន្ត្រីចូលចាក់ទឹកដូងម្ដងបួននាក់ៗជាលំដាប់។ លុះចប់ពិធីចាក់ទឹកដូងហើយ គេនិមន្តព្រះសង្ឃទេសនារឿងពុទ្ធប្រវត្តិ រួចរៀបអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ។ នៅក្នុងយប់ជាមួយគ្នានោះ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានធ្វើពិធីដូចគ្នានេះដែរដែលយើងនឹងជូនសេចក្តីអធិប្បាយ។

  ប៉ុន្តែសូមកត់សម្គាល់ថា ពិធីចាក់ទឹកដូងនឹងពិធីអភិសេកព្រះពុទ្ធរូប តែងធ្វើនៅព្រះបរមរាជវាំង 24 ម៉ោងមុនទំនៀមរាស្ត្រក្នុងព្រះនគរជាដរាប។

  ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ។ លុះភ្លឺស្រាងៗ យកគ្រឿងក្នុងសង្ឃឹកឈើមួយតូចដែលមានភាពដូចជាព្រះតំណាក់ផែ រួចសែងយកទៅកំពង់ផែ ។ ដល់ហើយគេផ្ទេរគ្រឿងទាំងនោះដាក់ទៅក្នុងក្បូនដើមចេក គេយកទូកមួយមកសណ្ដោងអូសរហូតដល់កណ្ដាលទន្លេបួនមុខទើបលែងក្បូនឲ្យអណ្ដែតទៅតាមខ្សែទឹក បញ្ជូនទាំងវិញ្ញាណក្ខ័ន្ធព្រះពុទ្ធទៅស្រុកទេសវិញផង។

  លុះត្រឡប់មកវិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូលនិងប្រគេនចង្ហាន់សង្ឃជាការស្រេច។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌក្រុមបារគូធ្វើពិធីបូជាចំពោះទេវរូប នៅនាព្រះបញ្ចក្សេត្រដែរ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឱ្យចេញរក្សាជាមួយផង។

* ទំនៀមរាស្រ្ត : ថ្ងៃដាច់ខែភទ្របទ ជាថ្ងៃសំខាន់ជាងគេក្នុងរដូវបិណ្ឌ គឺជាថ្ងៃ” ប្រជុំបិណ្ឌ” ឬ” ភ្ជុំបិណ្ឌ” មុនថ្ងៃភ្ជុំមួយថ្ងៃ ជាថ្ងៃវេនធំៗនៅគ្រប់គ្រួសារខ្មែរ គេនាំគ្នាធ្វើនំអន្សម នំគម ដើម្បីយកទៅវត្តអារាមចែកញាតិមិត្តជិតខាង និងសែនជីដូន ជីតា ដែលធ្វើមរណកាលទៅហើយនោះ ។

  ចំណែកនៅទីវត្តគេរៀបចំបោសសម្អាតតែងសាលាបុណ្យឱ្យសមរម្យតាមរបៀបព្រោះនៅវេលាយប់ថ្ងៃ ១៤ រោចនោះព្រះសង្ឃត្រូវនិមន្តស្វាធ្យាយធម៌ និងទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីបង្សុកូលនិងអភិសេកព្រះពុទ្ធរូប ដូចជាយើងបានពោលមកក្នុងព្រះរាជពិធី។

  មានរឿងដំណាលថា កាលនោះព្រះបរមពោធិសត្វទ្រង់មានសេចក្តីតក់ស្លុតនឹងជរាព្យាធិ និងមរណៈជាពន់ពេក ទ្រង់យាងចាកភេទជាក្សត្រ ដើម្បីទៅស្វែងរកព្រះនិព្វានជាឋានបរមសុខ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយាអស់រយៈកាល ៦ឆ្នាំ ទាល់តែមានព្រះកាយស្គាំងស្គមយ៉ាងខ្លាំង។ ប៉ុន្តែក្រោយបន្តិចមក ព្រះអង្គទ្រង់ពិចារណាឃើញថា ការដែលទ្រង់ប្រព្រឹត្តនេះមិនអាចឲ្យសម្រេចផលបានទេ ទើបព្រះអង្គចាប់ឆាន់ចង្ហាន់ឡើងវិញ។ ព្រះអង្គព្រមទទួលចង្ហាន់ដែលនាងសុជាតាបានធ្វើផ្ចិតផ្ចង់អស់ពីចិត្តថ្វាយព្រះអង្គ ។

  ព្រះអង្គអង្គទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណនៅពេលដែលព្រះអង្គទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយ។ ប៉ុន្តែមុននឹងទ្រង់បានត្រាស់ដឹងមារាធិរាជដែលជាសត្រូវតាមព្យាបាទព្រះអង្គជាយូរណាស់មកហើយ ហើយដោយសេចក្តីក្តៅក្រហាយ និងបំបែរព្រះទ័យព្រះអង្គអំពីរតន:បល្ល័ង្ក ព្រះបរមសាស្ដាទ្រង់អាងដល់នាងគង្ហីងព្រះធរណីជាកសិណ។ នាងគង្ហីងពេលនោះចាប់ច្បូតសក់ចេញជាទឹកលិចលង់ ពលមារបរាជ័យក្នុងពេលនោះហោង។ ឯទំនៀមធ្វើបុណ្យអភិសេកព្រះពុទ្ធរូប ជាទំនៀមរំលឹកដល់រឿងពុទ្ធប្រវត្តិត្រង់ដែលព្រះអង្គផ្ចាញ់រាមាធិរាជនេះឯង។

  ហេតុនេះទើបក្នុងពិធីពុទ្ធាភិសេក មានក្មេងក្រមុំព្រហ្មចារីអង្គុយបកស្រូវភោជសាឡី និងចម្អិនមធុបាយាសដោយទឹកដូង និងភ្លើងទៀនជាតំណាងនាងសុជាតា។ ដល់ពេលទៀបភ្លឺ មានយុវជនជាច្រើនរូបតំណាងពលមារ ចូលទៅធ្វើអាការកំហែងព្រះអង្គ។ ពេលនោះពួកកុមារីព្រាចបាចស្រទាប់ផ្កាឈូក ជាការរំលឹកដល់កាលដែលនាងគង្ហីងច្បូតសក់បង្ហូរទឹកឲ្យលិចលង់ពលមារ។

(នៅមានត)


ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖