ប្រទេសបារាំង៖ ទស្សនិកជនជាច្រើនពិសេសអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្រោយពីគេទទួលបានដំណឹងថា អតីតតារាភាពយន្តទសវត្សរិ៍ទី៩០ លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយកាលពីម្សិលមិញនេះនៅក្នុងប្រទេសបារាំង។នៅមិនទាន់ទទួលបានដំណឹងលម្អិតអំពីរឿងរ៉ាវនៃការទទួលមរណភាពរបស់លោកស្រីនៅឡើយ ប៉ុន្តែដំណឹងនេះបានធ្វើឲ្យទស្សនិកជនដែលធ្លាប់បានស្គាល់លោកស្រីមានការសោកស្តាយជាខ្លាំង ហើយដំណឹងបឋមបានលើកឡើងថា លោកស្រីទទួលមរណភាពដោយសារជំងឺគាំងបេះដូង។
លោកស្រីសយ ស្រីល្ខណ៍ ហៅទីម៉ា ធ្លាប់ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត និងបទចម្រៀងខារ៉ាអូខេ ហើយលោកស្រីត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងតួអង្គកាចឆ្នាស់ឆ្នើមនោះ។ តារាសម្តែង លោក សាវិន ហ្វីលីព បានបង្ហោះសារមុននេះដោយបាន” សូមចូលរួមរំលែកទុក្ខដល់អ្នកនាង សយ ស្រីល្ខណ៍(ទីម៉ា) អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហេីយ។ នាងធ្លាប់ថតចម្រៀងKaraoke ជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីជាង២៥ឆ្នាំមុន”។ សិល្បករជាច្រើនដែលបានដឹងដំណឹងនេះបានបង្ហោះសារចូលរួមរំលែកទុក្ខជាហូរហែ ក្នុងនោះលោកហ្វៃ សំអាង ក៏បានបញ្ជាក់ដែរថា លោកស្រីសយ ស្រីលក្ខណ៍ហៅទីម៉ា ធ្លាប់សម្តែងក្នុងភាពយន្តដែលលោកដឹកនាំគឺរឿង “ពិសស្នេហ៍”។
ជាមួយគ្នានេះដែរតារាសម្តែងអ្នកនាង ទេព បុទុម ក៏បានបញ្ជាក់អំពីដំណឹងមរណភាពរបស់អតីតតារាស្រីរូបនេះផងដែរ និងបានកោតសរសើរអំពីអត្តចរិកបុគ្គលិកលក្ខណៈរបស់លោកស្រី ដែលមានជាមនុស្សរួសរាយរាក់ទាក់ ក្រម៉ិចក្រមើមគឺជាទីស្រលាញ់ចូលចិត្ត ហើយលោកស្រីពិតជាសោកស្តាយដែលទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ៕
ដោយ ៖ វឌ្ឍនា