ខេត្តកំពង់ស្ពឺ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) គាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី (ADB) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ និងផលិតមាតិកាឌីជីថលសម្រាប់គេហទំព័រធនធានសិក្សាកម្ពុជា” ដែលមានតំណភ្ជាប់៖ oer.moeys.gov.kh ជូនលោកគ្រូ អ្នកគ្រូ មុខវិជ្ជា STEM មកពីសាលាធនធានខេត្តកំពង់ស្ពឹ កោះកុង និងព្រះសីហនុ។ ករណីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅ វិទ្យាល័យកំពង់ស្ពឺ ។
សូមបញ្ជាក់ថា, វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ណែនាំពីបច្ចេកទេស នៃការស្វែងរក និងផលិតមាតិកាឌីជីថល សម្រាប់គេហទំព័រធនធានសិក្សាកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ មុខវិជ្ជា STEM ដែលជាសិក្ខាកាម ដើម្បីបម្រើដល់ការបង្រៀន និងរៀន តាមរយៈការអប់រំតាមបែបគន្លងថ្មី ក្នុងការចាប់យក និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា។
គេហទំព័រធនធានសិក្សាកម្ពុជា ផ្ដល់ភាពងាយស្រួលដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាសាធារជន ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សា តាមប្រភេទមុខវិជ្ជា និងការស្វែងរកតាមប្រភេទនៃឯកសារដូចជា ពហុមេឌៀអន្តរកម្ម បទបង្ហាញ វីដេអូ និងសំឡេង ឯកសារបង្រៀន និងសៀវភៅណែនាំ កិច្ចតែងការ រូបភាព គំនូរជីវចលអប់រំ ល្បែងសិក្សា និងឯកសារស្រាវជ្រាវនានា។
សូមជម្រាបថា គេហទំព័រធនធានអប់រំកម្ពុជា ផ្តល់នូវធនធានអប់រំសម្បូរបែបពាក់ព័ន្ធនឹងការងារអប់រំ ដើរតួជាបណ្ណាល័យអេឡិចត្រូនិកសម្រាប់គ្រូបង្រៀន សិស្ស-និសិ្សត អ្នកសិក្សាស្រាវជ្រាវ សាធារណជនព្រមទាំងជួយពង្រឹងសមត្ថភាពឌីជីថលគ្រូបង្រៀន អាចឱ្យអ្នកប្រើប្រាស់អាចស្វែងរកមាតិកា ឬស្នើចែករំលែកស្នាដៃស្រាវជ្រាវដើម្បីជាប្រយោជន៍បន្តសម្រាប់អ្នកប្រើប្រាស់ទាំងអស់ចូលមកកាន់គេហទំព័រ៕
ដោយ ៖ សិលា