ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់របួសធ្ងន់ស្រាលរវាងម៉ូតូ២គ្រឿងបុកគ្នាទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័បុកពេញទំហឹងលើផ្លូវបំបែកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២២  លើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ កង សុខមាន អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរឈ្មោះ វុត បញ្ញា  អាយុ ២៦ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K ៤៥៦៣។

ចំណែកភាគីរងគ្រោះមានឈ្មោះ អុី វន្នី អាយុ ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ហែម ដា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ និង ឈ្មោះ ម៉ម ចាន់រះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្ររស់នៅភូមិ សំបួរ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូស៊ុយសូគីNex ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង ១N ៤២៩៦។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K ៤៥៦៣ក្នុងទិសដៅពីត្បូងទៅជើងហើយមកដល់ផ្លូវបំបែក១១៤ បត់ឆ្វេងមិនប្រយ័ត្នស្រាប់តែមានបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីNex ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង ១N ៤២៩៦ក្នុងទិសដៅពីត្បូងមកជើងជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាពេញទំហឹងលើផ្លូវបំបែកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចទាំងយប់។

ក្រោយមកអ្នករបួសត្រូវបានដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖