. ភ្នំពេញ ៖ បើទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក៏ដោយការនាំចេញទំនិញសព្វបែបយ៉ាងរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះសហរដ្ឋអាមេរិកគោលដៅសំខាន់មួយផងដែរ។ គ្រាន់តែក្នុងខែមករានេះ កម្ពុជានាំទំនិញចេញទៅកាន់សហរដ្ឋអាមេរិក មានតម្លៃ ៨៤៧លានដុល្លារ កើនឡើង៤៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ពីការិយាល័យស្ថិតិអាមេរិកឲ្យដឹងថា គ្រាន់តែនៅក្នុងខែមករាឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មានទំហំ ៨៧៥លានដុល្លារ កើនឡើង ៤២ភាគរយ។ ដោយឡែកកម្ពុជា នាំទំនិញមកពីសហរដ្ឋអាមេរិក មានតម្លៃ ២៨លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយ។ ដូច្នេះគេរំពឹងថានៅបណ្ដាខែខាងមុខទៀតទំហំនៃការនាំចេញនាំចូលនឹងបន្តកើនឡើងទៀតជាមិនខាន។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម – ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ។ កាលពីពេលថ្មីៗនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រហែល ៣០ភាគរយនៃការនាំចេញនៃវិស័យវាយនភណ្ឌរបស់កម្ពុជា ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក។
ក្នុងកិច្ចពិភាក្សាស្តីពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការកើនឡើងនៃការនាំចេញវាយនភណ្ឌ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីជាមានបញ្ហាប្រឈមមួយចំនួនផ្សេងទៀតក៏ដោយ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានចំនួន ៩ ១៥៩ លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ១៥,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៨ ៧៤៥ លានដុល្លារទៅប្រទេសសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក កើនឡើង ៣៣,២ ភាគរយធៀបនឹងឆ្នាំ២០២០៕
ដោយ៖ សូរិយា