ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់អាមេរិក-ចិនជួបពិភាក្សាគ្នាស្តីពីស្ថានភាពអ៊ុយក្រែន

ចែករំលែក៖

អាមេរិកនិងចិនបានសម្រេចរៀបចំជំនួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីសង្គ្រាមវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ខែកុម្ភៈមក។ តាមការប្រកាសរបស់សេតវិមានបានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងជួបពិភាក្សាជាមួយមន្ត្រីការបរទេសចិន និងជាគណៈកម្មការនយោបាយលោក Yang Jiechi នៅទីក្រុងរ៉ូម ប្រទេសអុីតាលីនាថ្ងៃទី១៤ខែមីនា ។
តាមការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មការសន្តិសុខជាតិអាមេរិក លោក Emily Horne បានបញ្ជាក់ថា ប្រធានបទនៃកិច្ចពិភាក្សា គឺការជះឥទ្ធិពលនៅលើពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជាមួយគ្នានេះអាមេរិកនឹងបន្តរក្សាទំនាក់ទំនងជាមួយប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក ។ ចំណែកការប្រកាសរបស់ក្រសួងការបរទេសចិនវិញបញ្ជាក់ថា កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាពិភពលោកដែលប្រទេសទាំងពីរយកចិត្តទុកដាក់ ដោយមិនភ្ជាប់បញ្ហាអ៊ុយក្រែននោះឡើយ។
ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក មានបំណងចង់ដាក់គំនាបទៅលើប្រទេសចិនដើម្បីអនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលអាមេរិកនិងប្រទេសអឺរ៉ុបបានអនុម័ត។ មន្ត្រីអាមេរិកក៏បានបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនទាន់ឃើញទីក្រុងប៉េកាំងព្យាយាមជួយដល់រុស្ស៊ីក្នុងការគេចចេញពីទណ្ឌកម្មលោកខាងលិចនោះឡើយ៕ ដោយ៖ ធីរីណា

រូបថត៖Deutsche Welle


ចែករំលែក៖