ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងរាជធានីភ្នំពេញ ៖ ការរស់នៅល្អរបស់មនុស្សមិនអាស្រ័យលើអគារខ្ពស់ៗ អគារល្អៗ នោះទេ គឺការរស់នៅដែលមានបរិយាកាសល្អ និងបរិស្ថានល្អ

ចែករំលែក៖

      ភ្នំពេញ៖  ការរស់នៅដ៏ល្អរបស់មនុស្សជាតិមិនអាស្រ័យលើការរស់នៅក្នុងអគារខ្ពស់ៗ អគារល្អៗនោះទេ គឺជាការរស់នៅដែលមានបរិយាកាសល្អនិងបរិស្ថានល្អ។ នេះជាការលើកឡើងរបស់ លោក នួន ផារ័ត្ន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងអង្គសិក្ខាសាលាស្តីពីការសិក្សា ការផ្លាស់ប្តូរឆ្ពោះទៅទីក្រុងអេកូឡូសុី ឆ្នាំ២០២២ នៃការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាពសម្រាប់ប្រជាពលរដ្ឋបង្កើនគុណភាព ការរស់នៅនៃប្រជាជនក្នុងទីក្រុង Build 4People ក្រោមវត្តមានលោក  នួន ផារ័ត្ន និង លោកChristian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

    លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ឆ្លងតាមសិក្ខាសាលា ពាក់ព័ន្ធនឹងទីក្រុងស្អាត អភិបាលក្រុងសាំងហ្គាពួ ធ្លាប់មានប្រសាសន៍លើកឡើងហើយថា ការរស់នៅដ៏ល្អរបស់មនុស្សជាតិមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អ អគារដ៏ខ្ពស់នោះទេ ការរស់នៅដែលល្អគឺជាការរស់នៅក្នុងបរិយាកាសដ៏ល្អមានបរិស្ថានល្អ ។

     លោកបានជំរុញឱ្យការសិក្សាពីគម្រោងនេះឱ្យបានលឿនដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុម័តក្នុងពេលឆាប់ៗ។ ក្នុងអង្គសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីម្ចាស់បុរីមួយចំនួនផងដែរ ដែលលោកជំរុញឱ្យម្ចាស់បុរីទាំងអស់ស្វែងយល់ពីទិសដៅអ្វីដែលរាជធានីភ្នំពេញចង់បាន សំខាន់ធ្វើយ៉ាងណាកុំឱ្យដើរឆ្ងាយពីប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

    លោកChristian Berger បានមានប្រសាសន៍លើកឡើងថា៖ ការអភិវឌ្ឍក្រុងជារឿងសំខាន់ដែលយើងត្រូវរួមគ្នា ដើម្បីធ្វើដូចជាទីក្រុងវៃឆ្លាតជាដើម ។ ការសិក្សាស្រាវជ្រាវនេះ គឺដើម្បីឱ្យភ្នំពេញកាន់តែមានការអភិវឌ្ឍ។ គម្រោងនេះមិន អាចទៅរួចនោះទេបើមិនមានការគាំទ្រពី

រដ្ឋបាលរាជធានីភ្នំពេញ។  គម្រោងនេះមានគោលបំណងកសាង សម្រួលទំនាក់ទំនងថ្មីៗប្រកបដោយអត្ថន័យរវាងផ្នែកឥរិយាបថ និងបរិស្ថាន ព្រមទាំងទំនាក់ទំនងរវាងបច្ចេកវិទ្យា នឹងគោលនយោបាយ។ គោលបំណងនៃគម្រោងនេះគឺដើម្បីផ្លាស់ប្តូរបន្តិចម្តងៗពីវប្បធម៌ធ្វើផែនការដែលមានការចូលរួមតែពីអ្នកបច្ចេកទេស ពីលើមកក្រោមទៅជាដំណើរការ និងវប្បធម៌ពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋ។ តាមរយៈការធ្វើបែបនេះគេអាចកសាងនៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍទីក្រុងបែបចម្រុះ។ គោលបំណងជារួម គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ ក៏មានការផ្តោតការយកចិត្តទុកដាក់លើការពង្រឹងភាពធន់ទៅនឹងផលវិបាកបណ្តាល មកពីការប្រែប្រួលអាកាសធាតុផងដែរ។ ដូច្នេះការផ្ទេរជាបន្តបន្ទាប់នូវចំណេះដឹងពីអ្នកជំនាញអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ នយោបាយ និងពលរដ្ឋក្នុងទីក្រុង និងវិស័យឯកជន ត្រូវបានចាត់ទុកថាមានសារសំខាន់និងចាំបាច់ ដើម្បីឱ្យទីក្រុងមានការអភិវឌ្ឍដោយចីរភាព។ គម្រោង Build 4People ផ្តោតលើការរិះរក ដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុង ដែលមានលក្ខណៈបរិយាបន្ន និងយកចិត្តទុកដាក់ចំពោះពលរដ្ឋ៕

ដោយ ៖ សំរិត


ចែករំលែក៖