ភ្នំពេញ ៖ អង្គការតម្លាភាពកម្ពុជាបានយល់ព្រមដកចេញរាល់កម្រងរូបភាពវីដេអូបទសម្ភាសន៍របស់កីឡាការិនីកែវឡេង និងស្ត្រីអ្នកជំនួញកែវ មុំ។ ការ សម្រេចដករូបភាពវីដេអូបទសម្ភាសន៍របស់ស្ត្រីល្បីឈ្មោះទាំងពីរនាក់នេះបន្ទាប់ពីពួកគាត់បានដាក់ពាក្យស្នើសុំជាផ្លូវការទៅអង្គការខាងលើមិនឱ្យផ្សព្វផ្សាយវីដេអូបទសម្ភាសន៍នាពេលកន្លងមកនោះព្រោះតែពាក់ព័ន្ធនឹងបញ្ហានយោបាយ។
នៅក្នុងលិខិតចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដែលបានផ្ញើជូននាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោកស្រី កែ ឡេង វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា ដែលជាម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាពដកវីដេអូដែលសម្ភាសន៍លោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១»។ ការស្នើនេះ ដោយលោកស្រីអះអាងថាយុទ្ធនាការនេះហាក់មានចេតនានៃការផ្សារភ្ជាប់លោកស្រីទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុន។
រីឯលោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុននំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏បានលើកឡើងដែរថា ការសម្រេចចិត្តមិនចូលរួមនៅក្នុងការផ្សព្វផ្សាយនោះ ព្រោះលោកស្រីបារម្ភថា មានការពាក់ព័ន្ធនឹងនយោបាយ នឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើជំនួញរបស់លោកស្រី។
ក្រោយការស្នើបែបនេះអង្គការតម្លាភាពកម្ពុជា បានយល់ព្រមដកចេញរាល់កម្រងរូបភាពវីដេអូខ្លីរបស់របស់កីឡាការិនីកែ ឡេង និងស្រ្ដីអ្នកជំនួញខាងលើដែលបានផ្សព្វផ្សាយរួចហើយនៅលើបណ្តាញសង្គម។
អ្នកតាមដានការអភិវឌ្ឍសង្គមសម្ដែងការគាំទ្រដោយមើលឃើញថា វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា លោក ស្រី កែ ឡេងគឺជាស្រ្ដីមានកិត្តិយសធំធេងមួយរូបនាំកម្ពុជាឱ្យគេស្គាល់ថាជាប្រទេសដែលមានការអភិវឌ្ឍ។ ចំណែកលោក កែវ មុំ ក៏ជាស្រ្ដីដែលមានកិត្តិយសមួយរូបដែលបង្ហាញពិភពលោកអំពីសមត្ថភាពរបស់ស្រ្ដីកម្ពុជា។ អ្នកតាមដានការអភិវឌ្ឍសង្គមមើលឃើញថា ស្រ្ដីទាំងពីររូបនេះមានសមត្ថភាព លើកស្ទួយកិត្តិយសជាតិ មិនអាចយកពួកគាត់ទៅប្រៀបនិងច្របូកច្របល់ជាមួយក្រុមអ្នកនយោបាយបំផ្លាញជាតិបាននោះទេ។
អ្នកតាមដានការអភិវឌ្ឍសង្គមសម្ដែងការរីករាយដែលស្រ្ដីឆ្នើមរបស់កម្ពុជាទាំងពីរនាក់នេះមិនបណ្ដោយឱ្យក្រុមណាមកយកពួកគាត់ធ្វើជាឈ្នាន់ដើម្បីកេងចំណេញនយោបាយ។ គេចាត់ទុកយុទ្ធនាការរបស់អង្គការខាងលើនេះថា ធ្វើឡើងក្រោមរូបភាពនយោបាយ ពីព្រោះថាមនុស្សដែលគេជ្រើសរើសសុទ្ធតែជាមនុស្សឆ្នើមដោយយកទៅបង្កើតរឿងបំភ្លៃការណ៍ពិតពីកម្ពុជា ៖ «ខ្ញុំជឿថា លោកស្រីមិន បណ្ដោយខ្លួនឱ្យពួកគេយកលោកស្រីធ្វើជាខែលទេ យើងគិតមើលតើការជ្រើសរើសរបស់អង្គការនេះមានតម្លាភាពមែនអត់។ វាអត់ទេ អង្គការនេះសុទ្ធតែមាននិន្នាការនយោបាយ យើងដឹងហើយថា ម្ចាស់លុយម្ចាស់ជំនួយគេជួយមកទាល់តែនៅក្នុងចង្កោមពួកគេបានគេជួយ។ សរុបមកវិញស្រ្ដី០៨នាក់ដែលគេជ្រើសរើសនឹងគ្មានសំខាន់អីសម្រាប់កម្ពុជាទេ ផ្ទុយទៅវិញវាជាដង្កូវដែលធ្វើឱ្យសង្គមកម្ពុជាគ្មានភាពល្អនឹងគ្នា ហើយពួកគេនេះតែងតែលុតជង្គង់ឱ្យគេមកធ្វើបាបកម្ពុជា អ៊ីចឹងហើយយកមកប្រៀបធៀបជាមួយលោកស្រីទាំងពីររូបនេះម្ដេចនិងបាន»។
ក្រោយពេលលោកស្រី កែ ឡេង និងលោកស្រី កែវ មុំ ទាមទារដកបេក្ខភាពរបស់ខ្លួនចេញ អ្នកនយោបាយមួយរូបដែលគេដាក់ឈ្មោះឱ្យថា ព្រាយនយោបាយ គឺអ្នកស្រី មូរ សុខហួរ បានចោទថាជាការមិនបើកចិត្តទូលាយនៅក្នុងការផ្សព្វផ្សាយពីតម្លៃរបស់ស្ត្រីរួមគ្នា ហើយក៏បង្ហាញអំពីការមិនទទួលយកនូវតម្លៃរបស់ស្ត្រីខ្លួនឯង។ ករណីនេះភាគីពាក់ព័ន្ធចាត់ទុកថា គ្រាន់ជាសម្ដីនិយាយឱ្យតែខ្លួនឯងបាត់ការឈឺចាប់ពីក្នុងចិត្តតែប៉ុណ្ណោះ។ គេជឿថាអ្នកនយោបាយរត់ចោលស្រុករូបនេះ កំពុងខឹងសម្បាហើយក្នុងចិត្តកំពុងតែឈឺចាប់ពីការដែលគេដឹងអំពីគំនិតទុច្ចរិតរបស់ខ្លួនរួមជាមួយបក្ខពួក ដែលបង្កើតយុទ្ធនាការដាក់ឈ្មោះស្រ្ដីបាំងមុខ តែតាមពិតបង្កប់ចេតនានយោបាយនៅពីខាងក្នុងនេះ៕
ដោយ៖ សូរិយា