ខេត្តកំពង់ចាម ៖ យុវតីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ទាំងកណ្ដាលថ្ងៃត្រង់។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចន្លោះបង្គោលទី៩ និងទី១០ ស្ថិតក្នុងភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ១១:៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា វិជ្ជារ៉ា ភេទស្រី ជាសិស្សរៀននៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ បានបន្សល់ទុកម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E – 5921 ទូរស័ព្ទ១គ្រឿងម៉ាក iphone ពណ៌ស ស្បែកជើងមួយគូ និងកាតាបមួយមានដាក់សម្ភារសិក្សាមួយចំនួននៅក្នុងនោះ។
យោងតាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍ និងតាមសំបុត្របណ្តាំចុងក្រោយដែលបានបន្សល់ទុក គឺសន្និដ្ឋានថា ក្មេងស្រីរូបនោះកើតជំងឺបាក់ទឹកចិត្តក្នុងការសិក្សា ដោយធ្លាប់តែជាសិស្សរៀនពូកែ តែដោយពេលនេះលទ្ធផលសិក្សាមិនល្អធ្លាក់ចុះ ត្រូវមិត្តភក្តិរួមថ្នាក់បន្តុះបង្អាប់ ធ្វើឱ្យឳពុកម្តាយខកបំណង ពិសេសសូម្បីតែគ្រូក៏ស្តីបន្ទោសបន្ថែមទៀតដែរ។
សូមបញ្ជាក់ថា សពជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់រកឃើញនៅឡើយទេ៕
ដោយ ៖ វណ្ណៈ