ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២២នេះ នាវាកងស្វ័យការពារជប៉ុនចំនួនពីរគ្រឿង បានធ្វើដំណើរមកដល់ដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីប្រារព្ធពិធីអបអរសាទរឱកាសខួបលើកទី៣០ នៃកិច្ចសហប្រតិបត្ដិរក្សាសន្ដិភាព (PKO) កម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ខែមិនា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិមានប្រសាសន៍ថា នាវាស្វ័យការពារ ជប៉ុនចំនួន ២គ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ពីថ្ងៃទី១៤-១៧ ខែ មីនា ឆ្នាំ២០២២។ នៅថ្ងៃទី១៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះ សំណាល ជាមួយនាយនាវី និងពលនាវឹកស្វ័យការពារ ជើងទឹកជប៉ុន និងនៅថ្ងៃទី១៦ ខែមីនា កងទ័ពស្វ័យការពារជប៉ុន នឹងអញ្ជើញទៅ ទស្សនកិច្ចនៅកំពង់ផែរាម។
ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងដើម្បីបង្កើនទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតិបត្ដិការ នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើ ទស្សនកិច្ចពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ និងផ្លាល់ប្ដូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នេះ ។
នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង (JMSDF) មានឈ្មោះ (URAGA និង HIRADO) នឹងមកដល់ជាមួយកងនាវិកជាង ១០០នាក់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី៩ ខែមីនា នេះ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនក្រសួងការបទេស និងកិច្ចសហប្រតិបត្ដិ ការអន្ដរជាតិកម្ពុជា។
នាយនាវីមូលដ្ឋានសមុទ្ររាម បានបញ្ជាក់ថា យោងតាមកម្មវិធី គឺនាវាកងស្វ័យការពារជប៉ុនមកដល់សមុទ្រកម្ពុជា នៅថ្ងៃនេះ តែមិនទាន់ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុភ្លាមទេ ព្រោះត្រូវធ្វើចត្ដាឡីស័កសិន (ធ្វើតេស្ដទាំងអស់) ។
នៅថ្ងៃទី១៥ ខែមីនានេះ នាយនាវី នាយវីរង និងពលនាវិក ៦០នាក់ នឹងទៅធ្វើបដិសណ្ឋាកិច្ចនាវាកងស្វ័យការពារជប៉ុន នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះ សីហនុ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅថ្ងៃទី១៦ ខែមីនា នេះ កងនាវិកស្វ័យការពារជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចតាមនាវាកងទ័ព ជើងទឹកកម្ពុជា ទៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជួបសំណេះសំណាលជាមួយមេបញ្ជា ការមូលដ្ឋានសមុទ្ររាម និងធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រួចហូបអាហារសាមគ្គីថ្ងៃ ត្រង់នៅមូលដ្ឋានសមុទ្ររាម៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច