ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុកខឿនសួនចែកទ្រូងផ្លូវ ហើយព្យាយាមបើករត់ទាំងបែកកង់បានបន្តិចក៏ទៅមុខលែងរួច

ចែករំលែក៖

    ភ្នំពេញ ៖ រថយន្តហាយឡេនឌ័រមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងស្រាបានបើកបុកខឿនសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យប្រេះបែកបន្តិចបន្តួច ហើយអ្នកបើកបរព្យាយាមបើករត់ទាំងបែកកង់ខាងមុខទាំងពីរបានរាប់រយម៉ែត្រដែរទើបទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចអតីតជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រពណ៌ទឹកប្រាក់មួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2AM-2168ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងស្រាបានរេចង្កូតមកខាងឆ្វេងដៃហើយជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យប្រេះបែកបន្តិចបន្តួច រីឯអ្នកបើកបររថយន្តបានព្យាយាមបើករត់ទាំងបែកកង់មុខទាំងពីរបានរាប់រយម៉ែត្រទើបទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖