ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចដឹកដែកបុករថយន្តព្រូស ពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្ទូចដឹកដែកមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយ៉ូតា ព្រូស ពីក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ខាងត្បូងផ្សារដីហុយជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្តតូយូ៉តាព្រូសមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BC-1562ធ្វើដំណើរពីត្បូងទៅជើង  លុះមកដល់ចំណុចកើតហេតុខាងលើបានបន្ថយល្បឿនដោយមានរថយន្តបើកឆ្លងផ្លូវពីមុខ ខណៈនោះក៏មានរថយន្តស្ទូចដឹកដែកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3F-0707 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

   ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាដោយខាងភាគីរថយន្តស្ទូចបានទំនាក់ទំនងហៅក្រុមហ៊ុនធានារ៉ាប់រងចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុនិងវាយតម្លៃទៅលើរថយន្តព្រូសដែលរងការខូចខាតងាយស្រួលចេញសំណងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖