ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេងនិងឧបនាយករដ្ឋមន្ត្រីកែ គឹម យ៉ាន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង,បាត់ដំបងនិងបន្ទាយមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។ 

 លោក អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងាររៀបចំពិធីសំណេះសំណាល បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង និង នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន គណៈអធិបតី និងអង្គពិធីអំពីលទ្ធផលការងាររបស់ក្រុមការងារយុវជនទាំង៣ខេត្ត។ លោកបន្តថាពិធីសំណេះសំណាលនាឱកាសនេះ បានប្រារព្ធឡើង បន្ទាប់ពីបានខកខានរយៈពេល ២ឆ្នាំជាប់គ្នា ពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ 

លោកបណ្ឌិតបន្តថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវ័យ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់សាំង បង្កើតបានភាពស៊ាំសហគមន៍ រហូតឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម តាមគន្លងប្រក្រតីភាពថ្មី ទទួលបានការគាំទ្រ និងកោតសរសើរពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។ 

លោកបន្តថាក្នុងស្ថានភាពដ៏លំបាក បង្កឡើងដោយជំងឺកូវីដ-១៩ នេះ ក្រុមការងារយុវជនទាំង៣ ខេត្តបានរួមកម្លាំងសាមគ្គីគ្នា បន្តធ្វើសកម្មភាពការងារ ប្រកបដោយភាពសកម្ម និងបត់បែន ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ដើម្បីរួមចំណែកបម្រើជាតិ និងប្រជាជន រួមទាំងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គាំទ្រដំណើរការចាក់វ៉ាក់សាំង ជួយសម្រាលបន្ទុកលំបាកប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩ និងជួបការលំបាកដោយបញ្ហាផ្សេងៗ មានគ្រោះធម្មជាតិជាដើម និងយុវជននៅតាមមូលដ្ឋាន។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូសបញ្ជាក់ថាបើទោះបីជាមានការខកខានរៀបចំពិធីជួបជុំគ្នាដូចថ្ងៃនេះមួយរយៈធំដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសម្ដេចមានក្ដីរីករាយបន្ទាប់ពីសង្កេតឃើញថាក្រុមការងារយុវជនទាំង៣ខេត្ត ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំធ្វើសកម្មភាពជាច្រើនដើម្បីរួមចំណែកបំរើជាតិ និងប្រជាជន ពិសេសនៅក្នុងស្ថានភាពដែលមានការប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។

សម្ដេចក្រឡាហោមក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាន៍អំពីការដាក់ចេញវិធានការណ៍ប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិសេសជោគជ័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបង្កើតបានភាពសាំសហគមន៍ ធ្វើឱ្យប្រទេសកម្ពុជា អាចឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញទៅតាមគន្លងប្រក្តីភាពថ្មី និងធ្វើឱ្យមានការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍ផ្ដល់ទស្សនទានទៅកាន់អង្គពិធី ពិសេសក្រុមការងារយុវជនទាំង៣ខេត្ត អំពីសភាពការណ៍ជាតិ និងអន្តរជាតិ។ ពាក់ព័ន្ធនឹងកិច្ចការប្រទេសជាតិ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធានធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖