ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីដើរឱ្យទាន់តម្លៃប្រេងឥន្ធនៈឡើងចុះ!​ ក្រសួងពាណិជ្ជកម្ម នឹងផ្លាស់ប្តូរពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃ មក ១០ថ្ងៃវិញម្ដង

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា៖ ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីឱ្យឆាប់មានការផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឱ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។​ ការថ្លែងបែបនេះ​ លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងសិក្ខាសាលាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈមនិងកំណើនអនាគត សម្រាប់អាស៊ីបូព៌ា និងអាស៊ាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ​។ 

លោក ប៉ាន់ សូរស័ក្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបានបើកកិច្ចប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធដូចជា ក្រសួងហិរញ្ញវត្តុ ក្រសួងរ៉ែ និងថាមពល និងផ្នែកឯកជន អ្នកដែលចែកចាយប្រេងឥន្ធនៈនឹង បានឯកភាពគ្នាគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាល ដែលពីមុនមក មាន១៥ថ្ងៃនៃការដាក់តម្លៃ ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលចែកចាយកុំឱ្យលើសពីតម្លៃនឹង ប៉ុន្តែល្ងាចនេះខ្ញុំនឹងចុះហត្ថលេខាសុំសេចក្តីអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយក្នុងរយៈ ពេល១០ថ្ងៃម្តង មិនមែន១៥ថ្ងៃទៀតទេ ដើម្បីឱ្យឆាប់មានការផ្លាស់ប្តូរប្រែប្រួលនូវតម្លៃ»។

លោករដ្ឋមន្រ្តី​ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះតម្លៃនៃប្រេងឥន្ធនៈគឺមានការប្រែប្រួលឡើងចុះលឿនណាស់ ដូចនេះហើយការផ្លាស់ប្តូរការជូន ដំណឹងនេះជាវិធានការ បឋមបំផុតដើម្បីផ្តល់ជូនភាពឈ្នះឈ្នះដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងវិស័យឯកជន ដែលមកដល់ពេលនេះគឺមិនទាន់ឃើញថាឡើងថ្លៃពេកនោះទេ ប៉ុន្តែអាចនឹង ឡើងថ្លៃនៅពេលឆាប់ៗនេះ។

បន្ថែមពីនេះ​ លោក​ ប៉ាន់ សូរស័ក្តិ ក៏បានសង្កត់ធ្ងន់ថា៖ ពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រេន ក្រសួងពាណិជ្ជកម្ម កំពុងមានការព្រួយបារម្ភពីបញ្ហាប្រេងឥន្ធនៈ អាចនឹងបន្តឡើង ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច រុស្ស៊ី ទៅកន្លែងផ្សេងៗ៕

ដោយ​៖សហការី​


ចែករំលែក៖