ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី ខេត្ត ប្រឹង ប្រែងចូលរួមដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២២រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានស្នើទៅកាន់អភិបាលរាជធានី ខេត្ដ ទូទាំងប្រទេសបន្តអនុវត្ត យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋក្រោមប្រធានបទ “កូវីដ១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្ដាលឲ្យមានហានិភ័យដល់អ្នក និងគ្រួសារ”។ ការស្នើនេះក្រោយពីក្រសួងសុខាភិបាលពិនិត្យឃើញថា ការចម្លងជំងឺបំប្លែងថ្មីឆ្លងរាល់ថ្ងៃ ហើយក៏មានអ្នកស្លាប់មួយចំនួន ដែលតម្រូវមានការក្រើនរំលឹកដល់ប្រជាពលរដ្ឋជាបន្ដទៀត។ 

ការផ្សព្វផ្សាយពីយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំង ជាងមុនអាចបណ្តាលឲ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍នេះ គឺត្រូវចាប់ផ្ដើមពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ យុទ្ធនាការនាពេលនេះ ក៏ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នរបស់ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការបន្តប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ព្រមទាំងទទួលយកការវ៉ាក់សាំងឱ្យបានឆាប់បំផុត ទាំងដូសមូលដ្ឋាន និងដួសជំរុញ ដើម្បីទប់ស្កាត់នូវហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដល់ដំណើរការ សង្គម និងសេដ្ឋកិច្ច។

តាមលិខិតរដ្ឋមន្រ្ដីបញ្ជាក់ថា ការបង្កើតយុទ្ធនាការនេះពុំមែនមានន័យថា កន្លងមកការផ្សព្វផ្សាយរបស់អាជ្ញាធរគ្មានប្រសិទ្ធភាពនោះទេ ប៉ុន្ដែក៏ដោយសារតែនៅពេលព្រឹត្តិការណ៍សហគមន៍ នាឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ ព្រមជាមួយការដំណើរការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និង សង្គមនានា ប្រជាពលរដ្ឋមួយចំនួនហាក់ធ្វេសប្រហែស ភ្លេចខ្លួនក្នុងការអនុវត្តវិធានការសុខាភិបាល ត្រឹមត្រូវ និងម៉ត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ ធ្វើចរាចរយ៉ាងសកម្ម បង្កឲ្យមានការ ចម្លងជំងឺកូវីដ-១៩ ឡើងវិញសារជាថ្មី ។ 

ជាក់ស្ដែងរហូតមកដល់ពេលនេះវីរុសកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ ដោយកម្ពុជានៅតែរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ហើយក្នុងនោះក៏មានករណីឈឺធ្ងន់ សម្រាកពេទ្យ និងករណីស្លាប់មួយចំនួនដែរក្នុងចំណោម ក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩។ ដូច្នេះ យុទ្ធនាការអប់រំផ្សព្វ ផ្សាយជាបន្តនាពេលនេះ នៅតែមានសារសំខាន់បំផុតដើម្បីឈានទៅសម្រេចបានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព របស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ-១៩។ ក្នុងន័យនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីនេះឲ្យបានឆាប់បំផុត សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញសារាចរណែនាំដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ គណៈអភិបាលរាជធានី-ខេត្ត យន្តការដែលមានការពាក់ព័ន្ធទាំងអស់ បន្តអប់រំផ្សព្វផ្សាយដល់ ប្រជាជនអំពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំរុញការអនុវត្តវិធានការ “៣ការពារ និង៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩»។ 

អាជ្ញាធរត្រូវធ្វើការបិទតាំងបដា រូបភាពផ្ទាំងធំ តាមទីតាំងសំខាន់ៗក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការតាមបណ្ដាញសង្គម និងបណ្តាញផ្សព្វផ្សាយក្នុងខេត្ត ការផ្សព្វផ្សាយ តាមឧបករណ៍បំពងសំឡេង ព្រមទាំងចុះត្រួតពិនិត្យផ្ទាល់ និងលើកទឹកចិត្តប្រជាជនឲ្យបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» នៅតាមទីតាំង ដែលមានហានិភ័យ ដូចជាទីផ្សារ ទីតាំងដែលមានមនុស្សច្រើន ប្រជុំជន ភោជនីយដ្ឋាន រោងចក្រ សាលារៀនជាដើម និងជំរុញគាំទ្រឲ្យប្រជាពលរដ្ឋមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ ប្រជាជនគោលដៅឲ្យបានលឿនផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖