ព័ត៌មានទាន់ហេតុការណ៍៖

លោក អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ដែលបានដំណើរការអស់រយៈពេល០២ថ្ងៃកន្លងមកនេះ ត្រូវបានប្រារព្ធពិធីបិទនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល។ 

លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានរាយការណ៍អំពីដំណើរការសន្និបាត រយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញ នូវរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ផ្សព្វផ្សាយលទ្ធផល អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់។ 

ផ្អែកតាមការសិក្សា អង្គប្រជុំទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ ដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស៕

ដោយ៖ សូរិយា


ចែករំលែក៖