ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្តីសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅខេត្តពោធិ៍សាត់ , អាណិតតែកូននៅតូចៗ៣នាក់ តើគ្នាត្រូវរំពឹងលើអ្វីដើម្បីអនាគត?!

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ជាប្តីជនរងគ្រោះបានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ ហើយរត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅឯខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ៣នាក់ នៅហែលកណ្តាលសមុទ្រ រកកោះត្រើយមិនឃើញ…។ 

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពី​វេលា​ម៉ោង​០៨​និង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ក្នុងភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ខណៈដែលសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ រ័ត្ន  វិជ្ជា​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អុីនធើណេត​ ស្នាក់នៅ​ចំណុច​កេីតហេតុ​ខាងលេី។ ចំណែកជនរងគ្រោះមាន​ឈ្មោះ​ ហ៊ា​ង​ សុជាតិ​ ភេទស្រី​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​មេដោះ (មេីលកូនឱ្យគេ​)​ ស្នាក់នៅ​ ជាមួយម្តាយ​ ក្នុងខណ្ឌ​ទួលគោក​ ។ 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា តាមការបំភ្លឺរបស់​ម្តាយជនរងគ្រោះ​ឈ្មោះ​  ថៃ​ គី​ ភេទស្រី​ អាយុ​ ៤៨​ឆ្នាំ​ បានបញ្ជាក់ថា​ កាលពីថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០២២​ ជនសង្ស័យបានមកសុំរូបគាត់យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម​។ ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញក៏បានព្យាយាមខលទៅតែទាក់ទងមិនបាន​ រហូតដល់ថ្ងែទី១៥​ ខែមីនា​ ឆ្នាំ​២០២២​ ទេីបមានប៉ូលិសខេត្តពោធិ៍សាត់​ខលមកប្រាប់ថា កូនគាត់ត្រូវបានជនសង្ស័យជាប្តី​សម្លាប់បាត់ហេីយ​នៅបន្ទប់ជួល​របស់ជនសង្ស័យ​។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្តិ៍រដ្ឋបាលក្រគ​រ ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

ពាក់ព័ន្ធករណីខាងលើនេះគេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការសម្លាប់ប្រពន្ធនោះទេ ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់លាស់ ។ 

តាមការបញ្ជាក់​របស់គ្រូពេទ្យកោសល្យវិច័យ​ ឧកញ៉ា​ បណ្ឌិត​ នង​ សុវណ្ណ​រត្ន័​ បានបញ្ចាក់ថា សព​ពិត​ជាស្លាប់​ដោយសារករណីឃាតកម្មប្រាកដមែន។ ចំណែកឯសព​ជន​រងគ្រោះវិញត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក ហួត ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានប្រាប់អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ថា ទាំងជនបង្ក ទាំងជនរងគ្រោះជាប្តីប្រពន្ធនឹងគ្នានេះ មានកូនស្រីតូចៗ៣នាក់ក្នុងបន្ទុកដែលពួកគេត្រូវរស់នៅយ៉ាងកណ្តោចកណ្តែង បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើង។ 

លោកបន្តថា, បន្តិចទៀតសមត្ថកិច្ចខេត្តពោធិ៍សាត់ បានបញ្ជូនខ្លួនជនសង្ស័យជាឃាតកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕ 


ដោយ ៖ សិលា


ចែករំលែក៖