ព័ត៌មានទាន់ហេតុការណ៍៖

នាវាទេសចរណ៍មានអ្នកដំណើរជិត៥ពាន់នាក់ជាប់កឿងនៅឆ្នេរសមុទ្រដូមីនីកា

ចែករំលែក៖

នាវា Norwegian Escape ដឹកអ្នកទេសចរ៣.២២៣នាក់ និងក្រុមនាវិក១.៦១៨នាក់បានជាប់កឿងនៅតំបន់សមុទ្រ Dominica ។ ក្រុមជួយសង្គ្រោះបានព្យាយាមជួយរំដោះនាវាពីការជាប់កឿងតែមិនទទួលបានជោគជ័យនោះឡើយ។
មន្ត្រីនៃសាធារណរដ្ឋ ដូមីនីកា បានបញ្ជាក់ថា នាវាទេសចរណ៍ដ៏ប្រណីត Norwegian Escape បានជាប់កឿងនៅឆ្នេរសមុទ្រ ភាគខាងជើង នៃកោះCaribe កាលពីយប់ថ្ងៃទី ១៤ខែមីនា ក្រោយចាកចេញពីកំពង់ផែរ Puerto Plata ភាគខាងជើង Dominica ។ ការខិតខំជួយនាវាចេញពីការជាប់កឿងដោយប្រើប្រាស់នាវាសណ្តោងជាច្រើន ប៉ុន្តែមិនមានលទ្ធផលឡើយ ។
មេបញ្ជាការកម្លាំងទាហានជើងទឹកដូមីនីកាលោក Ramon Gustavo Betances Hernandez បានលើកឡើងថា នាវាបានជាប់កឿងដោយសារតែខ្យល់ខ្លាំង។ ចំណែកអ្នកដំណើរនិងក្រុមនាវិកមិនជួបគ្រោះថ្នាក់នោះឡើយ។
លោក Hernandez បន្តទៀតថា«ទឹកជន់(ទឹកជោរ)កើនឡើងកម្ពស់១ម៉ែត្រនៅវេលាម៉ោង៤ព្រឹក ហើយយើងខ្ញុំសង្ឃឹមថា នឹងជួយនាវាចេញពីការជាប់កឿងនោះ»។ លោក Hernandez បន្តទៀតថា ចាំបាច់ត្រូវតែមាននាវាសណ្តោងមានកម្លាំងខ្លាំងដើម្បីអូសនាវាខាងលើក្នុងពេលទឹកឡើង ។
នាវាទេសចរណ៍ Norwegian Escape មានប្រវែង៣២៦ម៉ែត្រ មានចំណុះ១៦៥ពាន់តោន បានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៥។

នាវានោះអាចដឹកអ្នកដំណើរ៤.២៦៦នាក់ និងក្រុមនាវិក ១.៧៣៣នាក់៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖baovephaphuat.vn


ចែករំលែក៖