ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះរវាងប្ដីប្រពន្ធ ធ្វើឲ្យកូនស្រីម្នាក់ស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

      ខេត្តបន្ទាយមានជ័យ ៖ អំណាចនៃទឹកប្ដូរនិស្ស័យបានប្ដូរចរិកបុរសម្នាក់មានជម្លោះជាមួយគ្រួសារទាញកៅអីគប់ប្រពន្ធបែរជាត្រូវកូនស្រីអាយុ១ខួប៧ខែកំពុងដេកក្នុងមុងបណ្ដាលរងរបួសធ្ងន់ ហើយបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ នៅវេលាម៉ោង១០យប់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក 

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារបានឲ្យដឹងថា៖ជនដៃដល់ឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំជាឪពុក និងម្តាយកុមារីរងគ្រោះឈ្មោះ ខន ខួច អាយុ៣៨ឆ្នាំ គ្រួសារនេះ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

នគរបាលបានបញ្ជាក់ថា៖ក្រោយពីកើតហេតុជនដៃដល់ត្រូវបានកម្លាំងនគរ​បាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ធ្វើការចាប់ឃាត់ខ្លួនហើយបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសួរនាំ ។ 

នគរបាលបានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​នៅមុនពេលកើតហេតុ ខ្លួនបានមកពីស៊ីឈ្នួលដកដំឡូងមី ក្រោយពីងងូតទឹករួចក៏ចេញពីផ្ទះទៅផឹកនៅផ្ទះមិត្តភក្ដិធ្វើការជាមួយគ្នា ពេលត្រឡប់មកផ្ទះវិញក៏មានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនិងត្រូវប្រពន្ធជេត្មិៈតេះដៀលដល់ពូជអំបូរ ដោយស៊ូទ្រាំមិនបាន ម្យ៉ាងវិញទៀតដោយអំណាចជាតិស្រាចូលពោះផងនោះ ទប់ចិត្តមិនបានក៏ទាញកៅអីជ័រវាយសំដៅទៅលើប្រពន្ធកំពុងដេកជេរនៅក្នុងមុងមិនត្រូវប្រពន្ធបែរជាត្រូវកូនស្រី ដែលកំពុងដេកក្បែរម្តាយ០១កៅអីចំសៀតផ្ការខាងស្តាំបណ្តាលឲ្យរបួសធ្ងន់និងត្រូវបានម្តាយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លាប់នៅនឹងមន្ទីរពេទ្យតែម្តង ។សពក្មេងស្រីរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ។ចំណែកជនដៃដល់ជាឪពុកត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖