ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ ៖ ផ្លូវលេខ១០១ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ កំពុងកែប្រែមុខមាត់ថ្មី ជាមួយនឹងការអ៊ុតបេទីម AC

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ពីសំណាក់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អំឡុងយន្តការដឹកនាំបានជាង៥ខែមកនេះ លោកបានធ្វើឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធភ្លើង និងផ្លូវថ្នល់ ដោយបានរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈបានជាង១ពាន់អំពូល, រៀបចំភ្លើងលម្អចម្រុះព័ណ៌តាមខ្សែផ្លូវសំខាន់ៗ, ចាក់បេតុងជុំវិញផ្សារថ្មី និងក្រាលកៅស៊ូDBSTលើផ្លូវមួយចំនួនក្នុងក្រុងពោធិ៍សាត់ ហើយថ្មីៗនេះ បាននឹងកំពុងអ៊ុតបេទីមAC លើខ្សែផ្លូវលេខ១០១ផងដែរ នៅថ្ងៃទី១៥ ខែមីនា ។

បើតាមការបញ្ជាក់ របស់លោក ជាវ តាយ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានលើកឡើងថា «ខេត្តពោធិ៍សាត់របស់យើងបច្ចុប្បន្ន ត្រូវមានការរៀបចំជាចាំបាច់បំផុត គឺសោភណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ដោយត្រូវអ៊ុតកៅស៊ូផ្លូវលេខ១០១, អ៊ុតកៅស៊ូផ្លូវជាតិលេខ៥ ចន្លោះផ្លូវវៀងក្រុង, ការរៀបចំចញ្ចើមផ្លូវ, កែលម្អឡើងវិញផ្លូវកៅស៊ូដែលស្រុត ឬខូចខាត, ដាក់អំពូលភ្លើងកន្លែងខ្វះខាតនៅចំណុចខ្លះៗ, រៀបចំការប្រមូលសម្រាមឱ្យបានត្រឹមត្រូវ ទាំងនេះបានន័យថាយើងនឹងធ្វើបន្តដូចភ្លៀងរលឹម មិនឈប់នោះទេ»។

ក្នុងឱកាសនោះ លោកបានលើកឡើងទៀតថា បញ្ហាសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើដីសាធារណៈរបស់រដ្ឋ យើងចាំបាច់បំផុតមិនគួរឱ្យមាន ព្រោះថានាពេលនេះ យើងបាននឹងកំពុងចាប់ផ្តើមរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបំពាក់ភ្លើងបំភ្លឺផ្លូវ ធ្វើយ៉ាងណាឱ្យក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត មានភាពទាក់ទាញ ស្រស់បំព្រង ដើម្បីមានឱកាសឱ្យបងប្អូនយើងចូលមកលេងកម្សាន្ត និងរកស៊ីទទួលទានបានសមប្រកប។

បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ បានស្ញោចសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិត របស់លោក ជាវ តាយ ដែលជាអភិបាលខេត្តនិយាយតិចតែធ្វើច្រើន ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ ភ្លើងលម្អចម្រុះព័ណ៌ និងធ្វើឱ្យប្រសើរឡើងខ្សែផ្លូវមួយចំនួនក្នុងក្រុងពោធិ៍សាត់ ហើយពួកគេបានប្តេជ្ញានឹងបន្តថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងចូលរួមថែរក្សាតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ពីនេះ៕


ដោយ ៖ សិលា


ចែករំលែក៖