នាវាដឹកកុងតឺន័រប្រវែង៣៣៤ម៉ែត្រ មានឈ្មោះ Ever Forward បានជាប់កឿងនៅឈូងសមុទ្រ Chesapeake ជិតកំពង់ផែ Baltimore សហរដ្ឋអាមេរិក ។
តាមសារព័ត៌មាន Guardian បានផ្សាយនៅថ្ងៃទី១៥ខែមីនាថា នាវាដែលជួបហេតុការណ៍ខាងលើ គឺជារបស់ក្រុមហ៊ុន Evergreen Marine Corp និងក៏ជាម្ចាស់នាវាដឹកកុងតឺន័រ MV Ever Given ដែលជាប់កឿងនៅព្រែកជីក Suez កាលពី១ឆ្នាំមុន។
តាមសារព័ត៌មាន Bloomberg នាវាខាងលើជាប់កឿងតាំងពីយប់ថ្ងៃទី១៣ខែមីនា ក្រោយចាកចេញពីកំពង់ផែ Baltimore ឆ្ពោះទៅកាន់ Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិក។ មន្ត្រីក្នុងតំបន់បានខិតខំដើម្បីជួយរំដោះនាវាចេញពីការជាប់កឿង។
មន្ត្រីការពារដែនសមុទ្រអាមេរិកបានឱ្យដឹងថា មកទល់ពេលនេះគេមិនទាន់អាចបញ្ចាក់ពីមូលហេតុបណ្តាលឱ្យកឿងនោះឡើយ។ ការជាប់កឿងនៅពេលនេះមិនប៉ះពាល់ដល់ការធ្វើដំណើរ ដូចកាលជាប់នៅព្រែកជីក Suez នោះឡើយ ដោយនៅពេលនោះមាននាវារាប់រយគ្រឿងមិនអាចឆ្លងកាត់បាន៕ ដោយ៖ ធីរីណា
រូបថត៖AP