ខេត្តបន្ទាយមានជ័យ៖ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងល្មើសបង្ករឿង និងបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកជនជាតិខ្មែរ២នាក់ស្លាប់ នៅក្រុងប៉ោយប៉ែត។ នេះបេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា ជនសង្ស័យឈ្មោះ ស៊ូ សៀវពីង(XU XUEBING) ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរបុគ្គលិកកាស៊ីណូហ្គោលដិនស្ទួចត្រី ស្នាក់នៅបណ្តោៈអាសន្នក្នុងបុរីដួងចន្ទស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ចំណែកសពជនរងគ្រោះ ទី១,ឈ្មោះ ម៉ៅយ៉ុង ប៊ិន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្នោត ឃុំ សឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងទី២,ឈ្មោះ ប៉ា សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទូលពង្រ ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរលើម៉ូតូ។
គួររម្លឹកថា កាលពីវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ « ផ្ទះសំណាក់ផ្កាយព្រឹក » ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1911 បើកបរពីកើតទៅលិច ហើយបុកពីក្រោយម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ1B-0599 រួចរេចង្កូតទៅបុករថយន្តម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1C-2222.ដែលចតទុកមុខផ្ទះ បណ្តាលឱ្យគ្រោះថ្នាក់តែម្តង។
ក្រោយបង្កហេតុ នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ អ្នកបើកបររថយន្តបង្ក ត្រូវបានបញ្ជូនខ្លួនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់គឺភាគីបើកបររថយន្តជនជាតិចិនបើកបរក្នុងល្បឿនលឿន ប្រមាថស្ថានការណ៍និងជីវិតមនុស្ស។ចំណែកសម្ភារខូចខាត មានរថយន្តចំនួន ២គ្រឿង និងម៉ូតូមួយគ្រឿងខូចខាតយ៉ាងដំណំត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។
គួរបញ្ជាក់ថា ចំពោះករណីនេះដែរភាគីជនរងគ្រោះ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ទៅលើជនជាតិចិនរូបនេះផងដែរ៕
ដោយ៖សហការី