ខេត្តតាកែវ ៖ រថយន្តដឹកស្រូវចំនួន ៥គ្រឿងដែលបានដឹកលើសទម្ងន់ ត្រូវមន្ត្រីជំនាញផ្នែកជញ្ជីងចល័ត ដឹកនាំដោយលោក គី សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ត្រីមន្ទីសាធារណការខេត្តតាកែវ ឆ្មក់ចុះឃាត់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។
បេីតាមការបញ្ជាក់ពីអនុរដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីជញ្ជីងចល័តបានដាក់គោលដៅចុះថ្លឹងរថយន្តដឹកស្រូវ នៅតាមបណ្ដោយផ្លូវជាតិលេខ២ដែលឈ្មួញដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិភ្នំដិន។ ជាក់ស្ដែងមន្រ្តីជំនាញ បានថ្លឹងរថយន្តមួយចំនួន ហើយរកឃើញថា៖ រថយន្តចំនួន ៥គ្រឿងបានដឹកលើសទម្ងន់អនុញ្ញាត ទេីបធ្វើការឃាត់រថយន្តតែម្តង។
លោកអនុរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា៖ ក្នុងប្រតិបត្តិការឃាត់រថយន្តទាំងអស់នេះដែរ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានពិន័យរថយន្តដឹកលើសទម្ងន់មួយគ្រឿង និងឃាត់ទុកមួយឆ្នាំចំពោះរថយន្តចំនួន ៤គ្រឿងដែលដឹកលើសទម្ងន់ច្រើនតោននៅមន្ទីរសាធារណការខេត្តតាកែវ។
គួរបញ្ជាក់ថា ចំពោះករណីរថយន្តដឹកស្រូវភាគច្រើននៅក្នុងខេត្តតាកែវ គឺដឹកលើសទម្ងន់ដែលច្បាប់កំណត់ ៤៥តោនក្នុងមួយរថយន្ត៕
ដោយ៖សហការី