ព័ត៌មានទាន់ហេតុការណ៍៖

ខ្ទេចទាំងសងខាង!! រថយន្តស្ទូចបុករថយន្តក្រឡុកសុីម៉ងត៍នៅផ្លូវ៦០ម៉ែត្ររងការខូចខាតយ៉ាងដំណំដូចគ្នា

ចែករំលែក៖

    ភ្នំពេញ​ ៖​ រថយន្តស្ទូច​ម៉ាកហុីយ៉ាន់ដាយ​បានបេីកបុករថយន្តក្រឡុកសុីម៉ងត៍បញ្ឆិតចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងដែរដែលគ្មានអ្នករងរបួស​ឬស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង៥​ និង៤០នាទីទៀបភ្លឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡេីយរថយន្តស្ទូចម៉ាកហុីយ៉ាន់ដាយ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-6358បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូង   ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងោកមួយភាំងធ្វើឱ្យរេចង្កូតទៅឆ្វេងដៃ​ជ្រុលទៅបុកបញ្ឆិតចំពីមុខរថយន្តក្រឡុកសុីម៉ងត៍ម៉ាក SANY

ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ5A-0821​ បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង​ បណ្ដាលឱ្យរថយន្តស្ទូចដាច់កង់មុខនិងធុងប្រេងចេញពីរថយន្តហូរប្រេងពេញផ្លូវ​ ចំណែករថយន្តក្រឡុកសុីម៉ងត៍រងការខូចខាតយ៉ាងដំណំ តែ សំណាងល្អមិនមានអ្នករបួស។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌ​ដង្កោ​ ធ្វេីការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖