ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​ចុះបង្ក្រាបរថយន្តមួយគ្រឿង​ ដែលឈ្មួញលួចដឹកឈើប្រណីតចេញពីខេត្តកំពង់ធំមកទម្លាក់នៅភ្នំពេញ

ចែករំលែក៖

     ភ្នំពេញ៖ មន្រ្តីជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រាជធានីភ្នំពេញ​បា​នចុះបង្រ្កាបរថយន្តធុនទេសចរណ៍មួយគ្រឿង​ដែលឈ្មួញលួចដឹកឈើប្រណីតចេញពីខេត្តកំពង់ធំ​យកមកលក់ឱ្យដេប៉ូឈើ​មួយកន្លែង​ស្ថិត​នៅម្តុំច្រាំងបាក់ ក្នុង​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ 

    បេី​តាមការបញ្ជាក់ពី​មន្រ្តី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានឱ្យដឹងថា៖ ឈ្មួញបានដឹកឈើប្រភេទសុក្រំចំនួន ១៦កំណាត់ ប្រហែល២ម៉ែត្រគូប តាមរយៈរថយន្តម៉ាក​តូយ៉ូតា​ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-5148 ដែលធ្វើ​ដំណើរ​ចេញពីខេត្តកំពង់ធំដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ឆ្ពោះមកទម្លាក់នៅដេប៉ូឈើលេខ២៥ ផ្លូវលេខ៣៦៩(ច្រាំងបាក់) សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់ឃាត់សាកសួរតែម្តង។ ប៉ុន្តែ​ភ្លាមៗនោះ អ្នកបើកបររថយន្តឃេីញដូចនេះក៏បានរត់គេចខ្លួនបាត់ស្រមោល​ ដោយបន្សល់ទុកតែរថយន្ត និងឈើប្រភេទលេខ១​នៅនឹង​កន្លែង​កើត​ហេតុ​។ 

   ក្រោយប្រតិបត្តិការចប់​ រថយន្តដែលជា​មធ្យោបាយ​ដឹក​ជញ្ជូន​និងឈើប្រណីត ត្រូវមន្រ្តីជំនាញ​ដឹក​បញ្ជូនទៅកាន់ទីតាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ​៖សហការី​


ចែករំលែក៖