ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យរឿងស្នេហាត្រីកោណបុរសម្នាក់ណាត់ជួបគ្នារួចយកពូថៅដេញកាប់រួចគប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ជូន​សង្សារ​ទៅ​ផ្ទះ ស្រាប់តែ​​មាន​បុរស​ម្នាក់​ទៀត​បាន​ទូរស័ព្ទ​ណាត់ជួប និង​បាន​នាំ​បក្សពួក មករួច​យក​ពូថៅ​ទៅ​គប់​ តែមិនត្រូវរួច​បាន​នាំ​គ្នា​បើករថយន្ត​គេចខ្លួនបាត់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ក្បែរ​ផ្សារ​ទំនើប​ខា​លែ​ន​ឌែ​ន​ម៉​ល តាម​បណ្តោយ​ផ្លូវ​R1 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ប្រភពព័ត៌មាននៅ​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ម៊ែកសឺដេស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2F-0102 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​R1 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។​ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​​ក៏​បាន​ឈប់​ចត​រថយន្តនៅ​លើ​ចិញ្ចើម​ផ្លូវ ។​បន្តិច​ក្រោយមកស្រាប់តែ​មាន​រថយន្ត​ពីរ​គ្រឿង​ ដោយ​មួយ​គ្រឿង​ម៉ាក ហ្វ័​ត​រ៉ែ​ន​ជឺ​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BD-1909 បើកបរដោយ​បុរស​ម្នាក់ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ទៀត ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ ​បានបើកទៅចតជិតនឹងរថយន្តម៊ែកសឺ​ដេ​ស ។

បន្ទាប់​មកបុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ បាន​ចុះ​ទៅ​​ឈរ​និយាយ​គ្នា​ជាមួយ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម៊ែកសឺ​ដេ​ស ស្រាប់តែ​បុរស​​ដែល​បើកបរ​រថយន្ត​ឡង់​គ្រី​ស័​រ​​បាន​ចុះ​ពីលើ​រថយន្ត​រួច​​ដើរទៅ​​វា​យ​តប់​គ្នា​ជាមួយ​បុរស​ដែល​ជា​អ្នក​បើករថយន្ត​មែ​សឺរ​ដេ​ស ដោយ​មិនដឹង​ថាមានរឿងទំនាស់អ្វីហ្នឹងគ្នានោះទេ។

ភ្លាមនោះបុរសជាអ្នកបើកបររថយន្តម៊ែកសឺដេស បាន​រត់គេច​ខ្លួន ខណៈ​​នោះ​ដែរ បុរស​ជា​អ្នក​បើករថយន្ត​ឡង់​គ្រី​ស័​រ ក៏​បាន​យក​ពូថៅ​គប់​ទៅ​លើ​បុរស​ជា​អ្នក​បើករថយន្ត​ម៊ែកសឺដេស តែ​គប់​មិន​ត្រូវ​នោះ​ទេ​។ក្រោយបង្កហេតុរួច បុរស​ជា​អ្នក​បើករថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ និង​បុរស​បើករថយន្ត​ឡង់​គ្រី​ស័​រ​បាន​នាំ​គ្នា​បើករថយន្ត​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ដោយបន្សល់ទុកតែពូថៅនៅកន្លែងកើតហេតុ ។

ភ្លាម​ៗ​នោះក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជួយ​ជិះ​ដេញ​តាម​ពីក្រោយ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ​ ខណៈ​​បើក​គេចខ្លួន​នោះ រថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​របា​ន​បែក​កង់​​ចំហៀង​ខាងក្រោយ តែអ្នកបើករថយន្តមិន​ព្រម​ឈប់​នោះ​ទេ​នៅ​តែ​បន្ត​បើក​រត់​ រហូត​ដាច់​សំបក​កង់​​នៅ​សល់​តែ​យ៉ា​ន់​​ទៅ​មុខ​បាន ​។

ប្រភពបានឲ្យដឹងដែរថា ​អ្នក​បើករថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ មិន​អាច​បើក​រត់គេច​ខ្លួន​បាន ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BM-7001 បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​មក​​រំដោះ​យក​អ្នក​បើករថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង បន្សល់​ទុក​តែ​រថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ ដែល​បែក​កង់​​នៅ​ត្រង់​ចំណុច​ក្បែរ​បុរី​ភ្នំពេញ​ថ្មី តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

​ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ជា​អ្នក​បើករថយន្ត​ម៊ែកសឺដេស សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​​ឲ្យ​ដឹង​ថា គាត់នឹង​បុរស​ជា​អ្នកបើកបរ​រថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ គឺជា​មនុស្ស​ដែល​ធ្លាប់​ស្គាល់គ្នា ហើយ​ពួក​គាត់​ក៏​មិន​ដែល​មានរឿង​ឈ្លោះប្រកែក​គុំ​គួ​ន​អ្វី​នឹង​គ្នា​ទេ តែ​ពី​មុន​មក គឺ​ធ្លាប់​អន់ចិត្ត​នឹង​គ្នា​តិចតួច ដោយសារ​រឿង​ស្នេហា​។

បន្ទាប់ពី​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ឲ្យ​សមត្ថកិច្ច​​ស្រាវជ្រាវ​តាម​ចាប់​ជន​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ចំណែកឯ​រថយន្ត​ហ្វ័​ត​រ៉ែ​ន​ជឺ​រ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​យកទៅរក្សាទុករង់ចាំចាត់ការបន្ត​តាម​នីតិវិធី​ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖