ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងសាលានាយទាហានសកម្មនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃពុធទី ១៦ ខែមីនាឆ្នាំ ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានាក្នុងសាលានាយទាហានសកម្ម នៅខេត្តកំពង់ស្ពឺ បានលើកឡើងថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុតក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា សាលាជាមជ្ឈមណ្ឌលសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសាលានាយទាហានតែម្តង ដើម្បីកសាងកម្លាំងនាយទាហានប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែងអាចធ្វើការបានច្បាស់លាស់ ដែលជាឆ្អឹងខ្នងនៃកងទ័ព។ ការគិតគូរអំពីការពង្រឹងសាលាហ្វឹកហ្វឺន ត្រូវផ្តោតទាំងលើការងារអភិវឌ្ឍ និងការងារអភិរក្ស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថាការងារអភិវឌ្ឍសំដៅដល់ការធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការកែសម្រួលប្រព័ន្ធការងារគ្រប់គ្រង និងកម្មវិធីសិក្សា និងការបំពាក់សម្ភារ ជាដើម។ រីឯការងារអភិរក្សវិញ សំដៅដល់ការរក្សាឲ្យបានដាច់ខាតនូវស្មារតីឆន្ទៈស្មោះ ត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាឲ្យបាននូវនិមិត្តរូបរួម និងសមិទ្ធផលផ្ទាល់របស់ខ្លួនយើង ដែលផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិខ្មែរ ទោះបីពេលខ្លះ យើងត្រូវរៀនសូត្រ និងដកស្រង់ច្នៃប្រឌិតយោង តាមបទពិសោធន៍អន្តរជាតិក៏ដោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងលទ្ធផលការងារគួរទីមោទនៈ ដែលសាលានាយទាហានសកម្មសម្រេចបានលើការបំពេញភារកិច្ចស្នូល បណ្តុះបណ្តាលនាយទាហាន ថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព។ អតីតនិស្សិត ដែលបានសិក្សានៅទីនេះ បានចេញទៅបម្រើការងារនៅតាមកងឯកភាព ដោយសម្រេចបានស្នាដៃល្អប្រសើរ និងទទួលបានតួនាទីសំខាន់ៗជាច្រើនក្នុងជួរថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ពីព្រោះពួកគាត់មានមូលដ្ឋានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយអាចដឹកនាំ និងចែករំលែកប្រកដោយវិជ្ជាជីវៈ។

ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបន្តថា ទាំងនេះគឺបានឆ្លុះបញ្ចាំងអំពីគុណភាពអប់រំ និងលទ្ធផលផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ ព្រមទាំងបុគ្គលិកទាំងអស់របស់សាលា ក្នុងបុព្វហេតុកសាងនូវធនធានមនុស្ស ដ៏សំខាន់ក្នុងជួរកងទ័ពជាតិ។ បេសសកម្មដ៏ធំរបស់សាលា គឺការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហានមេបញ្ជាការ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលលោកទាំងពីរ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើង ប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងពីរ ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម៕

ដោយ៖ សូរិយា


ចែករំលែក៖