ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានពីររូបធ្វើការឱ្យបណ្តាញព័ត៌មាន Fox news បានស្លាប់នៅក្នុងសមរភូមិអ៊ុយក្រែន

ចែករំលែក៖

អ្នកសារព័ត៌មានពីររូបធ្វើការឱ្យបណ្តាញព័ត៌មាន Fox News បាន ស្លាប់នៅក្នុងការវាយប្រហារពីកម្លាំងទាហានរុស្ស៊ីនៅជាយក្រុងកៀវ ប្រទេសអ៊ុយក្រែន។
តាមការផ្សាយរបស់បណ្តាញទូរទស្សន៍ Fox News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានផ្សាយថា អ្នកសារព័ត៌មានដែលស្លាប់នោះមានអ្នកថតវីដេអូដ៏ជំនាញ លោក Pierre Zakrzewski អាយុ៥៥ឆ្នាំជាជនជាតិអៀរឡង់ និងអ្នកផលិត នាង Oleksandra “Sasha” Kuvshynova អាយុ២៤ឆ្នាំ ជាជនជាតិអ៊ុយក្រែនបានស្លាប់ពេលរថយន្តដឹកអ្នកទាំងពីរត្រូវគ្រាប់នៅជាយក្រុងកៀវ ។
លោក Pierre Zakrzewski គឺជាអ្នកប្រមាញ់រូបភាពជើងចាស់របស់ Fox News ប្រចាំទីក្រុងឡុងដ៏ ហើយលោកបានធ្វើការនៅអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈមក។ ក្នុងអាជីពរបស់លោក លោកបានផ្តិតយកព័ត៌មានដែលទាក់ទងនឹងជម្លោះជាច្រើនសម្រាប់ Fox News រួមទាំងសង្រ្គាមក្នុងប្រទេសអុីរ៉ាក់, អាហ្វហ្គានីស្ថាន និងស៊ីរី ផងដែរ។
រយៈពេលជិត៣សប្តាហ៍កន្លងមកនេះ យ៉ាងហោចណាស់ក៏មានអ្នកកាសែតចំនួន៤រូបដែរបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ មេបញ្ជាការប៉ូលិសក្នុងតំបន់បានឱ្យដឹងថា លោក Brent Renaud ដែលជាអ្នកផលិតខ្សែភាពយន្ត និងជាអ្នកកាសែតម្នាក់របស់អាមេរិកត្រូវបានកងទ័ពរុស្ស៊ីបាញ់សម្លាប់នៅក្បែរទីក្រុងកៀវ កាលពីពេលថ្មីៗកន្លងទៅនេះ៕

ដោយ៖ ធីរីណា(រូបថត៖Fox News)


ចែករំលែក៖