ខេត្តសៀមរាប ៖ ពិតជាគួរឲ្យហួសចិត្ត និងសោកស្តាយអាឡោះអាល័យបំផុតដែលជម្លោះរវាងប្ដីប្រពន្ធពីរនាក់នៅលើរថយន្តបានធ្វើឱ្យ បុរសជាប្តីបានស្លាប់ រីឯប្រពន្ធបានរងរបួសស្រាល ដោយសារតែរេចង្កូតធ្លាក់រថយន្តចូលក្នុងទឹករណ្តៅដី ដ៏ជ្រៅមួយគ្មានអ្នកណាជួយសង្រ្គោះទាន់។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាករណីរថយន្តធ្លាក់ចូលរណ្ដៅបណ្ដាលឱ្យបុរសជាប្តីស្លាប់ហើយប្រពន្ធរងរបួសស្រាលនេះកើតឡើងកាលពី វេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១៦ មីនា ឆ្នាំ២០២២ នៅចំណុចរណ្ដៅដីអេង សុខហ្គិច ក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប។
ប្រភពដដែលឱ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ស៊ុយ ស៊ីហ៊ិញ អាយុ៤១ ឆ្នាំ មុខរបរបើករថយន្តដឹកដី រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ខេត្តសៀមរាប ។ រីឯអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរអ៊ុតសក់ បានរងរបួសស្រាល។
ទោះបីជាយ៉ាងណា ប្រភពពីអ្នកជិតខាងជាជំហ៊ានដំបូងនិយាយថា ជម្លោះរវាងប្តីប្រពន្ធទាំង២នាក់ មិនដឹងកើតឡើងដោយសារអ្វីនោះទេ ខណ:គ្រាន់តែគេដឹងថា ក្រោយកើតហេតុបុរសជាប្តីបើករថយន្តធ្លាក់រណ្ដៅដីនោះបានធ្វើឲ្យប្រពន្ធឈ្លក់ទឹកហើយខ្លួនជាប្ដីប្រឹងស្រវេស្រវាហែលសណ្តោងប្រពន្ធចេញពីក្នុងរថយន្តយកទៅដាក់លើគោក។ លុះដល់លើគោកដោយទំនងជាបុរសជាប្តីអស់កម្លាំងខ្លាំងនិងអស់ដៃអស់ជើងក៏បាត់បង់ជីវិតទៅបន្សល់ទុកនូវប្រពន្ធដែលរបួសស្រាលយំសោកបោកខ្លួនស្ដាយក្រោយយ៉ាងខ្លាំង ។
ក្រោយកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះបានទៅជួយសង្គ្រោះដែរ ប៉ុន្តែសង្គ្រោះមិនទាន់ ហើយបានត្រឹមជិះទូករាវរករថយន្តនៅក្នុងទឹកជម្រៅជាង១០ម៉ែត្រក្នុងបំណងស្ទូចយករថយន្តពីក្នុងទឹកវិញតែប៉ុណ្ណោះ ។
បច្ចុប្បន្ន សាកសពបុរសជាប្តីសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរួចហើយ ខណៈដែលសមត្ថកិច្ចជំនាញអះអាងថា នឹងបន្តស្រាវជ្រាវរកមូលហេតុច្បាស់លាស់ក្នុងករណីនេះនៅឡើយ៕
ដោយ ៖ ប្រាថ្នា