ព័ត៌មានទាន់ហេតុការណ៍៖

សងគំនុំចាស់ប៉ះគូរសងសឹកមានគ្នាច្រើនដេញកាប់និងយកដំបងវាយស្ទើរស្លាប់របួសធ្ងន់ដេកពេទ្យ

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៤នាក់ត្រូបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបន្ទាប់ពីបានដេញវាយគូរគំនុំរបស់ខ្លួនដែលមករករឿងដល់ផ្ទះរហូតដល់រងរបួសធ្ងន់ 

ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះបានកើតឡើងកាលពីនៅវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២ កើតឡើងនៅចំណុច ក្រោយរោងចក្រ អឹម វ៉េ ស្ថិតក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះមាន ៖

១-ឈ្មោះ សៅ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាស៊ីម៉ូតូ ។

២-ឈ្មោះ រិទ្ធ ថារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរជាសិស្ស។

៣-ឈ្មោះ វង្ស សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាស៊ីម៉ូតូ ។

៤-ឈ្មោះ យ៉ង់ ធានី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរជាងជួសជុលម៉ូតូ។ ដោយឡែកជនរងគ្រោះ មានឈ្មោះប្រឹម ចាន់វាសនា ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះប្រឹម ចាន់វាសនា បានទៅរករឿងក្រុមជនសង្ស័យនៅភូមិទួលក្រឡាញ់ ដោយសារតែក្រុមជនសង្ស័យធ្លាប់បានរករឿងនិងវ៉ៃបងប្អូនរបស់ខ្លួនពេលដល់ផ្ទះជនសង្ស័យបម្រុងរករឿងនិងគំរាមរកវ៉ៃទៅលើក្រុមជនសង្ស័យ ក៏ត្រូវក្រុមជនសង្ស័យប្រមូលគ្នា ដេញវាយ ដោយអ្នកខ្លះកាន់កាំបិតនិងដំបងវាយទៅលើជនរងគ្រោះបណ្តាលឱ្យបែកក្បាល រងរបួសធ្ងន់តែម្តង  ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯក្រុមជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចុះទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖