ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋតាមបណ្ដោយផ្លូវរថភ្លើងបង្កការភ្ញាក់ផ្អើល សមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

     ភ្នំពេញ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើងតំបន់ត្រឡោកបែកខាងក្រោយទីតាំងលក់គ្រឿងសមុទ្រត្រូវបានអគ្គិភ័យឆាបឆេះ។ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនរលត់ក៏រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជួយចេញរថយន្តអគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយខូចខាតតែសម្ភារ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ផ្ទះលេខ២៤១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ កៅ ហុង ភេទប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរ ម៉ៅការសំណង់ ស្នាក់នៅទីតាំងកើតហេតុផ្ទះលេខ២៤១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅជិតទីតាំងកើតហេតុបានឲ្យដឹងថា ផ្ទះដែលបានអគ្គិភ័យឆាបឆេះនោះគឺមានអ្នករស់នៅតែពីរនាក់ប្ដីប្រពន្ធប៉ុណ្ណោះស្រាប់តែឃើញមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីក្នុងផ្ទះតែម្ដង នឹងឮសំឡេងផ្ទុះផងដែរ។ ភ្លាមៗលោកនិងបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ។បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីទំនាក់ទំនងទៅនឹងកម្លាំងនគរបាលជំនាញបង្ការនឹងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយចេញរថយន្តជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍ភ្លាមៗ។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យចំនួន ១៨គ្រឿងបានមកដល់ខាងក្នុងចំណុចកើតហេតុ នឹងបានបាញ់ទឹកប្រើប្រាស់រថយន្តចំនួន០៨គ្រឿងទើបរលត់ជាស្ថាពរ។

លោកនាយការិយាល័យបន្តឱ្យដឹងថា ទំហំនៃការខូចខាតគឺឆេះផ្ទះប្រភេទឈើប្រក់ស័ង្កសី ៥ម៉ែត្រ x ១៦ម៉ែត្រ និងខូចខាតសម្ភារមួយចំនួនក៏ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ចំណែកមូលហេតុកម្លាំងជំនាញបានសន្និដ្ឋានបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖