ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, 

នារសៀលថ្ងៃទី១៦ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់រាជធានីភ្នំពេញដោយជោគជ័យ។ លោក អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា, លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា, អ្នកតំណាងសភាពាណិជ្ជកម្មចិននៅកម្ពុជានិងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានអញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។

 ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ក្រុមអ្នកជំនាញវេជ្ជសាស្រ្តខាងលើមានសមាជិកចំនួន១២រូប ដែលត្រូវបានជ្រើសរើសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិននៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេលើសកលលោកដែលភាគីចិនបានចាត់បញ្ជូនមកកាន់ក្រៅប្រទេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។ ក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈរយៈពេល៦០ថ្ងៃដោយផ្អែកលើខ្លឹមសារដែលបានព្រមព្រៀងដោយរដ្ឋាភិបាលចិននិងកម្ពុជា ដើម្បីសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយនេះ៕

ដោយ ៖ សិលា


ចែករំលែក៖