ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំង និងអាជ្ញាធរមូលដ្ឋានចុះជួយសាងសង់ផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់ចំនួន៤ខ្នងផ្ទះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះកងកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងអាជ្ញាធរក្នុងមូលដ្ឋានជួសជុលឡើងវិញ។

  កម្លាំងយោធាបាននិយាយថាៈដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣  ដឹកនាំដោយវរសេនីយ៍ត្រី សឹង សុផារិន មេបញ្ជាការរងវរសេនាតូចថ្មើរជើងលេខ៥១៣ នាំយកស័ង្កសីដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ចុះសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ជួយជួសជុល រុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ៤ខ្នង ស្ថិតនៅភូមិថ្មី និងភូមិបន្លេច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

សូមរំលឹកថាកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣  ជានិច្ចកាល តែងតែយកចិត្តទុកដាក់  និងអនុវត្តតាមបទបញ្ជាថ្នាក់លេី  ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ ដូចជា ខ្យល់ព្យុះខ្យល់កន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ 

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមគោរពជូនពរសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋជានិច្ចនិរន្តរ៍ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖