ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី-១៩ (ACDFM-19)

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី-១៩ អេ ស៊ី ឌី អេហ្វ អឹម ១៩ (ACDFM-19) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំ បានប្រពឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ តាមទម្រង់ចូលរួមផ្ទាល់ ដែលបានដឹកនាំកិច្ចប្រជុំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ  និងមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេស ក្នុងសមាគមប្រជាជាតិអាស៊ានទាំង៩ ផ្សេងទៀត ។

 សំរាប់កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី-១៩ អេ ស៊ី ឌី អេហ្វ អឹម ១៩ (ACDFM-19) ឆ្នាំ ២០២២នេះ ក្រោមការរៀបចំនឹងការសម្របសម្រួលពីក្រុមការងារ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅអាគារទីស្តីការក្រសួងការពារជាតិ នាទីក្រុងភ្នំពេញ ។ ជាលើកដំបូង ក្រោយពីខកខាននៃការជួបប្រជុំគ្នាដោយផ្ទាល់ទល់មុខគ្នា អស់រយៈពេលជាង២ ឆ្នាំកន្លងមកដោយសរបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមមូលបទ (សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម) ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅបន្ទាប់ពីកិច្ចប្រជុំ២ ផ្សេងទៀតត្រូវបានបញ្ចប់ ដែលរួមមានកិច្ចប្រជុំក្រុមការងារប្រតិបត្តិការយោធាអាស៊ានលើកទី-១២ ឬ អា មុំ-១២ (AMOM.12) និង កិច្ចប្រជុំក្រុមការងារចារកម្មយោធាអាស៊ានលើកទី-១៩ ឬ អាមីន-១៩ (AMIM .19) ឆ្នាំ២០២២ ។ 

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី-១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធាននៃកិច្ចប្រជុំ បានអរសាទរចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះឡើងព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ នឹងថ្លែងអំណរអរគុណដល់ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអគ្គមេបញ្ជាការ.នាយអគ្គសេនាធិការ និងសមាជិកកងទ័ពបណ្តាប្រទេសទាំង៩ ក្នុងសមាគមអាស៊ានជាបងប្អូន ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នៃថ្នាក់ដឹកនាំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៩ ( អេ ស៊ី ឌី អេហ្វ អឹម ១៩ ) សំរាប់ឆ្នាំ ២០២២ ។

 នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានបញ្ជាក់ថា÷ នេះជាលើកទី ១ បន្ទាប់ពីមានការខកខាននៃការជួបប្រជុំគ្នាដោយផ្ទាល់ អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដោយសារស្ថានភាពនៃបញ្ហាប្រឈមនូវវិបត្តិរោគរាតត្បាតជាសកលជំងឺឆ្លងកូវីដ-១៩ ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរដំណើរទស្សនកិច្ច ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រួមទាំងការស្នាក់នៅការប្រាស្រ័យទាក់ទងការងារ នឹងធ្វើទស្សនកិច្ច របស់អស់លោក លោកស្រី នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ប្រកបដោសុវត្តិភាព សុខភាពល្អទាំងអស់គ្នា នឹងទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នាពេលទៅកាន់មាតុប្រទេសខ្លួនវិញ ។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា៖ សម្រាប់កិច្ចប្រជុំឆ្នាំនេះកងយោធពលខេមរភូមិន្ទ បានជ្រើសរើសយកមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម» សម្រាប់ជាកម្លាំងចលករ បន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីសុឆន្ទៈក្រោមគោលការណ៍មជ្ឈភាពអាស៊ាន និងដឹកនាំដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខដែលជាប្រពៃណី និងមិនប្រពៃណី ពិសេសជំងឺឆ្លងកូវីដ-១៩ ហើយបានត្រៀមជាស្រេចសម្រាប់បញ្ហាប្រឈមនានា ក្នុងពេលអនាគត ដោយសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព ភាពសុខដុមក្នុងតំបន់ និងផលប្រយោជន៍រួមតាមរយៈកិច្ចសហប្រតិបត្តិការ និងយន្តការនានាដែលអាចទទួលយកបានពីគ្រប់ភាគី ។ 

ក្នុងកិច្ចប្រជុំជារួម បើទោះបីជាមានបញ្ហាប្រឈមដោសារជំងឺឆ្លងកូវីដ១៩ ក្នុងរយៈពេលជាង២ ឆ្នាំកន្លងមកនេះក្តី សកម្មភាពនេះគឺជាសក្ខីកម្មដែលបានបង្ហាញឲ្យឃើញពីស្មារតី កិច្ចសហការល្អ សាមគ្គីភាព និងមិត្តភាព នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ។ អង្គប្រជុំបានពិភាក្សាដោយផ្ដោតសំខាន់ទៅលើបញ្ហាសន្តិសុខតំបន់ការវិវត្តនៃសភាពការណ៍ថ្មីៗ ការប្រកួតប្រជែងផ្នែកសន្តិសុខបែបប្រពៃណី នឹងមិនប្រពៃណីពិសេសបញ្ហាភេរវកម្ម.បញ្ហាជំងឺឆ្លងជាសកលកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងវិស័យសេដ្ឋកិច្ច ជាសកលទាំងមូល ។ 

ថ្នាក់ដឹកនាំនៃគណៈប្រតិភូអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានធ្វើការពិភាក្សាគ្នាដោយបានចែករំលែកនូវព័ត៌មានផ្លាស់ប្ដូរទស្សន: ដើម្បីរួមគ្នាដោះស្រាយលើបញ្ហាសន្តិសុខរួមនៅក្នុងតំបន់ ។ បន្ថែមពីលើនេះអង្គប្រជុំ ក៏បានសម្រេចពង្រឹងកិច្ចសហប្រតិបត្តិការ បន្តចែករំលែកព័ត៌មាន ពីគ្នាទៅវិញទៅមកឱ្យបានទាន់ពេលវេលា និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗដែលកំពុងគំរាមកំហែងដល់វិស័យសន្តិសុខ ដើម្បីសម្រេចបាននូវសហគមន៍ កងទ័ពអាស៊ាន ដ៏រឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ។ ជាពិសេសអង្គប្រជុំ បានបន្តជំរុញថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងការឯកភាពគ្នារបស់អាស៊ាន ។

នាយឧត្តមសេនីយ៍វង្ស ពិសេន បានបន្តថាជារៀងរាល់ឆ្នាំ អគ្គមេបញ្ជាការនៃបណ្តាកងទ័ពប្រទេសជាសមាជិកអាស៊ាន តែងជួបប្រជុំគ្នាដើម្បី ពិភាគ្សាពីបញ្ហាប្រឈមរួម ការផ្លាស់ប្ដូរទស្សនៈ ការចែករំលែកព័ត៌មាន ការគោរពគ្នា ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការការក្នុងចំណោមកងទ័ព អាស៊ាន ដែលទាំងនេះបានបង្ហាញពីសារៈសំខាន់ និងប្រសិទ្ធភាពនៃការរក្សាមជ្ឈភាពអាស៊ាន ក្នុងបរិយាកាសសន្តិសុខនៅតំបន់អាស៊ីអាគ្នេយ៍ ។ 

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចែករំលែកបទពិសោធន៍ នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ឲ្យដល់សមាជិកកិច្ចប្រជុំបានយល់អំពីទស្សនទាន ដែលធ្វើអោយកម្ពុជាមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ ។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃខភម ដែលជាប្រធាននៃកិច្ចប្រជុំ អគ្គមេបញ្ជាការកង ទ័ពអាស៊ានលើកទី-១៩ ក៏បានចុះហត្ថលេខា លើកំណត់ហេត់នៃកិច្ចប្រជុំ នឹងបានផ្ទេរប្រគល់តួនាទីភារកិច្ច ជាប្រធានបន្តនៃកិច្ចប្រជុំកំពូលថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី-១៩ ឆ្នាំ ២០២២អោយដល់ប្រធានប្រតិភូអគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី-២០ សម្រាប់ឆ្នាំ ២០២៣ នាពេលខាងមុខនេះនៅប្រទេសឥណ្ឌូនេស៊ី ៕

ដោយ៖ សូរិយា


ចែករំលែក៖