ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមមេត្តាពិនិត្យល្បែងស៊ីសងអនាធិបតេយ្យនៅទីតាំងខាងលេីផង នៅចំណុចទីតាំងខុសច្បាប់ ភូមិរលួស ឃុំ ដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមកាងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ចាត់ឱ្យលោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវបង្រ្កាបទីតាំងខាងលើ។
ជាលទ្ធផល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កេីត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២២ លោកអធិការ បញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឬស រួមសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោក វរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះដល់ទីតាំងរោងកាហ្វេ០១កន្លែងដែលមានម្ចាស់ទីតាំង ឈ្មោះ ជួប សុខឃន ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតក្នុងភូមិរលួល ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ពិនិត្យឃើញថាទីតាំងខាងលើតែងតែងមានប្រជាពលរដ្ឋ មកអង្គុយហូបកាហ្វេ ពី ០៥ ទៅ ១០នាក់ និងនាំគ្នាលេងភ្នាល់(ជល់មាន់តាមទូរទស្សន៍អនឡាញ) បន្តិចបន្តួចពិតប្រាកដមែន។
ជាចំណាត់ការៈ កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងខាងលើ ឱ្យបញ្ឈប់សកម្មភាពផ្តល់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់ជល់តាមទូរទស្សន៍អនឡាញ) ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា