ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាកើនឡើងខ្ពស់

ចែករំលែក៖

អង្គការសុខភាពពិភពលោកបានប្រកាសថា ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់នៅប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានចិន កូរ៉េខាងត្បូងជាដើម … ។ នៅតំបន់អាស៊ីបានកើនឡើង២៨,៩% បើប្រៀបធៀបនឹងមួយសប្តាហ៍កន្លងមក ។ នៅអាហ្វ្រិកកើនឡើង ១២,៣% និងអឺរ៉ុបកើនឡើង២%។
ចំណែកនៅទ្វីបអាមេរិក ករណីឆ្លងកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ គឺថយចុះដល់ទៅ១៩% បើប្រៀបធៀបនឹងសប្តាហ៍កន្លងមក។
នៅក្នុងតំបន់អាស៊ី ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេបង្អស់នៅលើពិភពលោក ។ នៅថ្ងៃទី១៧ខែមីនា កូរ៉េខាងត្បូងបានបំបែកកំណត់ត្រាថ្មីមួយទៀតជាមួយករណីឆ្លង COVID-19 ប្រចាំថ្ងៃច្រើនជាង ៦០០,០០០នាក់ ដោយសារតែវីរុសបំប្លែងថ្មី Omicron ចំពោះមុខនៃការបន្ធូរបន្ថយវិធានការរឹតត្បិត។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ KDCA របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ករណីឆ្លងថ្មីៗចំនួន ៦២១,៣២៨នាក់បន្ថែមទៀតត្រូវបានរាយការណ៍ ក្នុងនោះមានតែ ៦២នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស។ ប្រការនេះនាំឱ្យករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនដល់ ៨,២៥០,៥៩២នាក់។
ក្នុងថ្ងៃដដែលនេះ កូរ៉េខាងត្បូងក៏បានរាយការណ៍ពីករណីស្លាប់ថ្មីច្រើនបំផុតផងដែរគឺ ៤២៩នាក់ នាំឱ្យចំនួនអ្នកជំងឺស្លាប់សរុបកើនដល់ ១១,៤៨១នាក់។ កូរ៉េខាងត្បូងបានមើលឃើញការកើនឡើងខ្លាំងនៃករណីឆ្លងប្រចាំថ្ងៃចាប់តាំងពីខ្លួនបានរាយការណ៍តួលេខ៥ខ្ទង់ ជាលើកដំបូងកាលពីចុងខែមករា ឆ្នាំនេះ ហើយចាប់តាំងពីនោះមក ករណីឆ្លងប្រចាំថ្ងៃបន្តកើនឡើងយ៉ាងឆាប់រហ័សបំផុត ដោយឡើងលើស៣០០,០០០នាក់ជាលើកដំបូងនៅថ្ងៃទី០៩ ខែមីនា។
ការកើនឡើងនេះគឺស្របពេលដែល ប្រទេសកូរ៉េខាងត្បូងបាននិងកំពុង ព្យាយាមបន្ធូរបន្ថយវិធានការរឹតត្បិត ដើម្បីត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ មកទល់ឥឡូវនេះមាន មនុស្ស៣២.២១លាននាក់ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ៥២លាននាក់ ឬស្មើនឹង៦២.៨ភាគរយបានចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលអ្នកទទួលបានការចាក់វ៉ាក់សាំងពេញលេញមានចំនួន៤៤.៤៤លាននាក់ ឬស្មើនឹង៨៦.៦ភាគរយ នៃចំនួនប្រជាជនសរុប៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖