ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះអ្នកលក់គ្រឿងជ័រនិងគ្រឿងអគ្គិសនីនៅផ្សារលើខេត្តកំពង់ឆ្នាំងពេលដែលម្ចាស់បិទទ្វារចេញទៅផុត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះអ្នកលក់គ្រឿងជ័រ និង គ្រឿងអគ្គិសនីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ខ្មួលខ្មាញ់ បន្ទាប់ពីម្ចាស់ផ្ទះបានបិទទ្ធារផ្ទះចេញទៅផុត ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២២នៅជិតផ្សារលើ ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

  ក្នុងហេតុការណ៍អគ្គិភ័យកំពុងតែឆាបឆេះ លោកស្រី កែច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង  លោក អម សុភា អភិបាលរងខេត្តនិង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានចុះដឹកនាំកម្លាំងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។

  សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវ ឆាបឆេះនេះមានឈ្មោះ អ៊ឹង ជីប៉ោ ត្រូវជាប្តី ។ អគ្គិភ័យនេះបានឆាបឆេះពីជាន់ខាងលើនៃអគារ ដែលបានផ្ទុកគ្រឿងជ័រ និង សម្ភារផ្សេងៗទៀតជាច្រើន ។  ក្នុងហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចេញអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ដោយបានទប់ស្កាត់ មិនឱ្យអគ្គិភ័យឆេះរាលដាលទៅផ្ទះផ្សេងទៀត ។ 

  នៅពេលនេះសមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយនោះទេ អំពីមូលហេតុជាក់លាក់ នៃករណីបង្កឱ្យមានអគ្គិភ័យនេះកើតឡើង  ដែលនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ពន្លត់ភ្លើង ៕

ដោយ ៖ ចន្ថា


ចែករំលែក៖