ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំងទាំងអាជ្ញាធរមូលដ្ឋានទាំងសមត្ថកិច្ចជំនាញ ខណៈដែលអគ្គិភ័យបានឆាបឆេះប្រអប់ភ្លេីងនៅក្នុងអគារចាប់ពីជាន់ទី១៦ ដល់ជាន់ទី៣១ នៅវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅអគារ ដាយមិនធ្វីនថោវើ ជាប់ផ្លូវបេតុង ក្នុងក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់អគារឈ្មោះ ដា បូរ៉ាពេជ្រ ភេទស្រី អាយុ៤២ឆ្នាំ ហើយអគារដែលឆេះជាប្រភេទសំណង់ថ្មបេតុង មានទំហំ៧០ម៉ែត្រ x ១០០ម៉ែត្រ កម្ពស់៣២ជាន់ បានខូចខាតសម្ភារ ប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យរបួសមនុស្សចំនួន៣នាក់ (ក្មេងប្រុសម្នាក់, ក្មេងស្រីម្នាក់ និងស្រ្តីម្នាក់) ដោយពុំទាន់បានស្គាល់ឈ្មោះនោះទេ ។
ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងសង្គ្រោះអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ក៏ប៉ុន្តែមិនបានប្រេីប្រាស់នោះទេ ដោយសារសមត្ថកិច្ចជំនាញបានឡេីងទៅវាយកញ្ចក់បង្អួចឲ្យចំហ ក៏រលត់ទៅវិញនៅម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ