ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា(Astrazeneca) ចំនួន ៥២៣,០០០ ដូស ជាជំនួយរបស់ប្រទេសហុងគ្រី ដែលពីធីប្រគល់-ទទួល វ៉ាក់សាំងនេះ ត្រូវបានធ្វើឡើងនៅ វិមានសន្តិភាព។

លោក Istvan Bakos ទីប្រឹក្សានិងជាភារធារីស្តីទីការិយាល័យភ្នំពេញនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ហុងគ្រីពិតជាមានសេចក្តីរីករាយដែលឃើញប្រទេសកម្ពុជាសម្រេចបាននូវជោគជ័យដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ ដោយឈានដល់អត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត និងអត្រាមរណភាពទាបបំផុត បើប្រៀបធៀបក្នុងតំបន់ និងទូទាំងពិភពលោក ដោយសារវិធានការចាក់វ៉ាក់សាំងជាប្រព័ន្ធ និងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្តី កម្មវិធីដែលទទួលបានជោគជ័យនេះ ចាំបាច់ត្រូវបន្តដោយហេតុថា ការរីករាលដាលវីរុសថ្មី ដែលមានការឆ្លងក្នុងល្បឿនលឿននៅតែបន្តមាន និងវាយលុកផ្នែកជាច្រើននៃពិភពលោក។ ក្នុងនាមប្រទេសជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រីមានសេចក្តីរីករាយក្នុងការគាំទ្រកម្ពុជា នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលហុងគ្រី ដែលបានផ្តល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៥២៣,០០០ (ប្រាំសែនពីរម៉ឺនបីពាន់) ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា ហុងគ្រី គឺជាប្រទេសទី ៦ ដែលបានផ្តល់ អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន និងរាជដ្ឋាភិបាលកម្ពុជាក្នុងក្របខណ្ឌទ្វេភាគី។ អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ និងការ យកចិត្តទុកដាក់ខ្ពស់របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងនលើសកលលោកទាំងមូលដែលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងកំពុងវិវត្ត ជាពិសេសតាមរយៈការបង្កើតជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់ ។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នប្រកបដោយសុទិដ្ឋិនិយម កម្ពុជាបានតាមដានវាយតម្លៃសភាពការណ៍ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានពន្លឿន និងជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេសកម្ពុជា ។ ក្នុងក្របខណ្ឌសកលលោក កម្ពុជា ក៏បានចូលរួមជំរុញផងដែរនូវយុទ្ធនាការចាក់វ៉ាក់សាំង និងសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកនូវវ៉ាក់សាំងកូវីដ-១៩ ដែលពិតជាមានសារសំខាន់ និងប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ។ កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព សម្រាប់យើងទាំងអស់គ្នា ហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្រ្តគន្លឹះ ក្នុងការទប់ទល់នឹងការឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ ។ 

សម្តេចតេជោបានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧% នៃប្រជាជនសរុប ប្រមាណ ១៦ លាននាក់ ។ ហេតុនេះហើយទើបកម្ពុជាបានអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ ។ កម្ពុជារំពឹងថានឹងអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវ ចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្តានុពល ពីវិស័យផ្សេង ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេល អនាគត។ 

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្តឱ្យមានការជំរុញការរៀបចំបើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត ។ 

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង ៣-កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕

ដោយ : សិលា


ចែករំលែក៖