ព័ត៌មានទាន់ហេតុការណ៍៖

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា ច្រើនជាងមុនៗ

ចែករំលែក៖

ភ្នំពេញ ៖ ទិដ្ឋភាពអ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា នាព្រឹកថ្ងៃទី១៨ មីនានេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយកម្ពុជាប្រកាសលុបចោលលក្ខខណ្ឌ តម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាកាតពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។

សូមបញ្ជាក់ថា, កន្លងមកក្រសួងសុខាភិបាលបានប្រកាសព័ត៌មានថា, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ សម្រេចដូចខាងក្រោម៖

១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់

អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្ន នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩,ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។ តាមរយៈសេចក្តីប្រកាសនេះហើយទើបនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរជាតិ-អន្តរជាតិចូលកម្ពុជា ច្រើនជាងមុនៗ ៕

ដោយ ៖ សិលា


ចែករំលែក៖