ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញខេត្តបាត់ដំបងបញ្ជូន​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​ចំនួន ១៦​នាក់ទៅ​តុលាការ​អនុវត្តតាម​នីតិវិធី​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២បានបញ្ជូន​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​ចំនួន ១៦​នាក់ទៅ​តុលាការ​អនុវត្តតាម​នីតិវិធី​។​

​លោកវរសេនីយ៍ឯកឈឿង គឹម​សុង នាយការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យ​ដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោក​ឧត្ដម សេនីយ៍ ទោ សាត គឹម​សាន ស្នងការ នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១៦ ខែ​មីនា ឆ្នាំ២០២២ នេះ​កម្លាំងការិយាល័យជំនាញរួមជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប ទប់ស្កាត់​ករណី​លួច​លេង​ល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងចំនួន ០២ទីតាំង និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៦​នាក់ រួមជាមួយ​វត្ថុតាង​ល្មើស​ជាច្រើន​ទៀត​។​

សមត្ថកិច្ចបានឲ្យដឹងថា​ប្រតិបត្តិការ​​ទីតាំងទី១ បង្ក្រាប​នៅក្នុងមូលដ្ឋាន​ភូមិ ព្រៃ​កូន​សេក សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង ឃាត់​មនុស្ស ៧​នាក់ និង​ទីតាំងទី២ ធ្វើឡើង​នៅ​ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង​បាត់ដំបង ឃាត់ខ្លួន​អ្នកលេង​ចំនួន៩​នាក់ ។ចំណែក​វត្ថុតាង​ដែល​ដកហូត​ក្នុងការ​បង្ក្រាប​រួមមាន វិទ្យុទាក់ទង ចំនួន​៦​គ្រឿង ទូរ​សព្ទ័​ដៃ ចំនួន២៥​គ្រឿង រថយន្ត​ចំនួន៤​គ្រឿង ម៉ូតូ៨​គ្រឿង ម៉ូតូឡាំប្រឺតា ១​គ្រឿង​ផងដែរ​។​

​នៅរសៀលថ្ងៃទី១៧ ខែមីនា​ ម្សិលមិញ​នេះ​ក្រុម​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​ទាំង ១៦​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ បញ្ចប់​ការកសាង​សំណុំរឿង និង​បន្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​អនុវត្តតាម​នីតិវិធី​៕

ដោយ៖​ជ្រោយពេជ្រ


ចែករំលែក៖