ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​អ៊ុយក្រែន Yarmolenko ស៊ុត​បញ្ចូល​ទីក្នុងម៉ោងបន្ថែមជួយ West Ham ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League

ចែករំលែក៖

កីឡាករ Andriy Yarmolenko រកបានគ្រាប់បាល់ឈ្នះក្នុងម៉ោងបន្ថែមដ៏អស្ចារ្យជួយឲ្យក្រុម West Ham បានយកឈ្នះក្រុម Sevilla ក្នុងជើងទី២ពានរង្វាន់ Europa League ដើម្បីឈានទៅដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១។ Yarmolenko ធ្លាប់អវត្តមានដោយរបួស និងការត្រឡប់ទៅរកសាច់ញាតិនៅផ្ទះក្នុងប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។

ការប្រកួតជើងទី១ ក្រុម Sevilla បានយកឈ្នះ១ទល់០ ប៉ុ​ន្តែក្នុងការប្រកួតជើងទី២ ក្រុមម្ចាស់ផ្ទះ West Ham បានព្យាយាមវាយបកវិញ ហើយ​នៅនាទីទី៣៩ កីឡាករ Tomas Soucek រកបាន១គ្រាប់ ធ្វើឲ្យក្រុម West Ham មានក្តីសង្ឃឹមកាន់តែច្រើន។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធទៅលើក្រុម Sevilla ប៉ុន្តែនៅតែមិនអាចរកបានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួត៩០នាទី។ ពេលនោះអាជ្ញាកណ្តាលបានសម្រេចបន្ថែមម៉ោង១៥នាទី២ដង ហើយនៅនាទីទី១១២ កីឡាករ Andriy Yarmolenko មានឱកាសរកបាន១គ្រាប់បន្ថែមទៀតឲ្យ West Ham ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតវគ្គ១៦ក្រុមនេះ និងធ្វើឲ្យក្រុមញញួរធំទទួលបានលទ្ធផល២ទល់១សរុបទាំង២ជើង មានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយបន្តទៀត ។

លោក David Moyes អ្នក​ចាត់​ការ​ក្រុម West Ham បាន​ចាត់​ទុក​លទ្ធផលនេះ​ជា​ការ​ប្រកួត​ដ៏អស្ចារ្យមួយដែលោកមានមោទនភាពយ៉ាងខ្លាំងចំពោះរបៀបដែលក្រុមរបស់គាត់អាចនឹងត្រូវចាប់ឆ្នោតប៉ះក្រុម Barcelona ឬRangers ។

ពេលវេលាចុងក្រោយដែលលោក Moyes គ្រប់គ្រងក្រុមក្នុងវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតនៅទ្វីបអឺរ៉ុប គាត់បានធានាបានលទ្ធផលល្អបំផុតរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្រុម Manchester United នៅពេលដែលក្រុមរបស់គាត់ត្រឡប់មកវិញពីការចាញ់ ២-០ ជើងទី១ដើម្បីទម្លាក់ក្រុម Olympiakos ចេញពីក្របខ័ណ្ឌ Champions League ។

បច្ចុប្បន្នក្រុម West Ham កំពុងឈរលេខ៦ ក្នុងតារាង Premier League នៅអង់គ្លេស ដោយមាន៤៨ពិន្ទុ ក្នុង២៩ប្រកួតដែលជាក្រុមកំពុងប្រជែងតំណែង Top 4 មួយដែរក្នុងរដូវកាលនេះ។ ការប្រកួតបន្ទាប់របស់ក្រុមនេះនឹងត្រូវប៉ះក្រុមមាន់ខ្នាយមាស Tottenham នៅថ្ងៃទី២០ ខែមីនាខាងមុខ វេលាម៉ោង១១និង៣០យប់ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖