ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi គ្រោងបន្តនៅ PSG បើទោះជាមានការរិះគន់បន្ទាប់ពីក្លិបធ្លាក់ចេញពី Champions League

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi មិនមានគម្រោងចាកចេញពីក្លិប Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះទេ។ ទោះបីជាទទួលបានការរិះគន់បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League របស់ PSG ក្រោមថ្វីជើង Real Madrid កាលពីសប្តាហ៍មុនក៏ដោយក៏តារាឆ្នើមអាហ្សង់ទីនរូបនេះបានប្តេជ្ញាចិត្តដើម្បីធ្វើឱ្យជោគជ័យនៃការផ្លាស់ទៅទឹកដីបារាំង។

គាត់ចង់លើកពាន Ligue 1 ហើយនៅតែសុបិនចង់ឈ្នះ Champions League ជាមួយក្លិបប៉ារីស ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនអំពីការវិលត្រឡប់ទៅកាន់ក្លិប Barcelona ក៏ដោយក៏មិនមានទំនាក់ទំនងរវាងគាត់ ឬសមាជិករបស់គាត់ជាមួយក្លិបមួយនេះចាប់តាំងពីគាត់បានចាកចេញពីពួកគេកាលពីរដូវក្តៅមុន។

អ្នកគាំទ្រ PSG បានស្រែកហ៊ោ Messi និងមិត្តរួមក្រុម Neymar ក្នុងការប្រកួតលីគជាមួយនឹងក្រុម Bordeaux កាលពីថ្ងៃអាទិត្យមុន ហើយបានសម្តែងការខកចិត្តរបស់ពួកគេបន្ថែមទៀតដោយការគូរគំនូរលើជញ្ជាំងនៃទីលានហ្វឹកហាត់ Camps des Loges របស់ក្លិបទាមទារការផ្លាស់ប្តូរ និងឱ្យប្រធាន Nasser Al-Khelaifi ចាកចេញ។

ជាឯកជន Messi យល់ពីកំហឹងរបស់អ្នកគាំទ្រ និងចែករំលែកពីអារម្មណ៍ខកចិត្តរបស់ពួកគេ បន្ទាប់ពីការប្រកួតជាមួយក្រុម Real Madrid ដែល PSG បានគ្រប់គ្រង និងយកឈ្នះគូប្រកួតរបស់ពួកគេរហូតដល់៧៥ភាគរយទៅហើយបែរជាចាញ់ទៅវិញក្នុងជើងទី២។

បន្ទាប់ពីរកបានផ្ទះនៅទីក្រុងប៉ារីស និងតាំងលំនៅនៅក្នុងទីក្រុង Messiមានអារម្មណ៍សប្បាយរីករាយជាមួយនឹងជីវិតគ្រួសាររបស់គាត់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ គាត់កំពុងសម្លឹងមើលទៅមុខ ហើយមានអារម្មណ៍ថា ត្រៀមខ្លួនជាស្រេចក្នុងការលេងជាទៀងទាត់ក្នុងកម្រិតល្អបំផុតរបស់គាត់ បន្ទាប់ពីមានការរងរបួស, កូវីដ បូកនឹងការសម្របខ្លួនទៅនឹងក្រុមថ្មីរបស់គាត់។

បំណង​របស់ Messi គឺ​បន្ត​នៅ​ក្លិប​ប៉ារីស​រហូត​ដល់​ចប់​កុងត្រា។ គាត់ចង់បំពេញមួយផ្នែកជាអារម្មណ៍នៃភាពស្មោះត្រង់ចំពោះអ្នកដែលបានចុះហត្ថលេខាលើគាត់។ កីឡាករវ័យ៣៤ឆ្នាំរូបនេះតែងតែបំពេញកិច្ចសន្យាដែលគាត់ចុះហត្ថលេខា ហើយគ្មានចេតនាផ្លាស់ប្តូរនិន្នាការនោះ នៅពេលនេះទេដោយនាំយកពេលវេលារបស់គាត់នៅទីក្រុងប៉ារីសយ៉ាងជាក់លាក់ ៕

ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)


ចែករំលែក៖