ខេត្តមណ្ឌលគិរី៖ បន្លែ ក៏ដូចជាដំណាំផ្លែឈើជាច្រើនមុខរបស់កសិករខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋទូទៅ ហើយបច្ចុប្បន្ននៅតាមផ្សារទំនើបដូចជា ផ្សារអុីអន និងផ្សារឡាក់គី បាននាំយកកសិផលរបស់ប្រជាកសិករទៅដាក់តាំងលក់ ដោយទទួលបានការគាំទ្រយ៉ាងលើសលប់ នេះបើតាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ក្នុងការចុះប្រមូលផលដំណាំខ្ទឹមស របស់កសិករឈ្មោះ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដោយមើលឃើញពីសក្តានុពលអំណោយផល ទាំងដី និងអាកាសធាតុ មន្ទីរកសិកម្ម បានខិតខំស្រាវជ្រាវរកពូជដំណាំផ្សេងៗ ដែលមានទីផ្សារក្នុងស្រុកតែមិនមានការដាំដុះ តម្រូវឲ្យមានការនាំចូលពីប្រទេសជិតខាង ដើម្បីជំរុញដល់កសិករដាំសម្រាប់ផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់អ្នកបរិភោគ ដូចជា ដំឡូងបារាំង និងខ្ទឹមសជាដើម។ លោកប្រធានមន្ទីរ បន្តថា ក្រោយពីផ្តល់ពូជដំណាំខ្ទឹមស ដល់កសិករដាំដុះរួចមក មន្ត្រីជំនាញអាចធ្វើការវិភាគនិងកំណត់បានថា ខ្ទឹមសពិតជាអាចដាំដុះបានល្អនៅខេត្តមណ្ឌលគិរី សម្រាប់ទិន្ឋផលក្នុងមួយហិកតា ទទួលបានចាប់ពី១០តោនទៅ១២តោន ពោលអាចលើសនេះទៅតាមការថែទាំជាក់ស្តែង។ គិតតាមការដកពិសោធន៍ជាក់ស្តែងរបស់កសិករឃើញថា ការដាំខ្ទឹមស ចំណាយ ១ហិកតាអស់ ៨ ៧៧០០ ០០០៛ ទទួលបានចំណូល ២២ ៥០០ ០០០៛ និងផលចំណេញរយៈពេលដាំដុះ ៤ខែទទួលបានចំណូល ១៣ ៧៣០ ០០០៛ ។
កសិករឈ្មោះ ភិន ផន រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានឲ្យដឹងថា លោក បានចាប់ផ្តើមសាកល្បងដាំមើមខ្ទឹមសនេះ ពីរឆ្នាំមកហើយ ដោយទទួលការជំរុញពីមន្ទីរកសិកម្មខេត្ត ទាំងពូជ និងបច្ចេកទេស។ លោក ភិន ផន បន្តថា ក្នុងការដាំសាកល្បងខ្ទឹមសកន្លងទៅឃើញថា ដំណាំនេះបានផ្តល់ផលគាប់ប្រសើរ ទាំងបរិមាណ និងតម្លៃ។
បើយើងប្រៀបធៀបនិងដាំណាំបន្លែផ្សេង ខ្ទឹមសងាយស្រួលថែទាំ ចំណាយតិច និងលក់ចេញងាយស្រួលមិនខ្វះទីផ្សារឡើយ។ បើតាមកសិករខាងលើបញ្ជាក់ថា ខ្ទឹមសដែលលោកបានដាំ ប្រើរយៈពេលចាប់ពីបីខែកន្លះ ទៅ៤ខែ អាចដក់ប្រមូលផលបាន ចំណែកតម្លៃគឺពីរម៉ឺនរៀល ក្នុងមួយគីឡូក្រាម៕
ដោយ៖ សូរិយា